10 ខណៈនោះ បារូកក៏អានមើលក្រាំង ជាពាក្យរបស់យេរេមា ក្នុងព្រះវិហារនៃព្រះយេហូវ៉ាឲ្យបណ្តាជនស្តាប់ គឺក្នុងបន្ទប់របស់ស្មៀនកេម៉ារាជាកូនសាផាន ដែលនៅទីលានខាងលើ ត្រង់ទ្វារថ្មីនៃព្រះវិហារព្រះយេហូវ៉ា។
11 លុះកាលមីកា ជាកូនកេម៉ារា ដែលជាកូនរបស់សាផានបានឮអស់ទាំងព្រះបន្ទូលនៃព្រះយេហូវ៉ា ដែលនៅក្នុងក្រាំងនោះហើយ
12 នោះក៏ចុះទៅឯព្រះរាជវាំងចូលក្នុងបន្ទប់ស្មៀន ឃើញមានពួកចៅហ្វាយទាំងប៉ុន្មាននៅទីនោះ គឺស្មៀនអេលីសាម៉ា ហើយដេឡាយ៉ា ជាកូនសេម៉ាយ៉ា និងអែលណាថាន ជាកូនអ័កបោរ កេម៉ារា ជាកូនសាផាន សេដេគា ជាកូនហាណានា ហើយពួកចៅហ្វាយទាំងអស់ផង
13 មីកាក៏ជំរាបគេតាមគ្រប់ទាំងពាក្យដែលខ្លួនបានឮ ក្នុងកាលដែលបារូកអានមើលក្រាំងនោះឲ្យបណ្តាជនស្តាប់
14 ដូច្នេះ ពួកចៅហ្វាយទាំងនោះក៏ចាត់យេហ៊ូឌី ជាកូននេថានា ដែលជាកូនសេលេមាដែលជាកូនគូស៊ី ឲ្យទៅឯបារូកប្រាប់ថា ចូរយកក្រាំងដែលឯងបានអានមើលឲ្យបណ្តាជនស្តាប់នោះមក បារូកជាកូននេរីយ៉ាក៏យកក្រាំងកាន់នៅដៃទៅឯគេ
15 រួចគេប្រាប់ថា ចូរឯងអង្គុយអានមើលឲ្យយើងស្តាប់ផង នោះបារូកក៏អានមើល
16 លុះកាលគេបានឮពាក្យទាំងនោះរួចហើយ នោះគេក៏បែរមើលគ្នាទៅវិញទៅមក ដោយភិតភ័យ ហើយនិយាយទៅបារូកថា យើងនឹងទូលដល់ស្តេច ពីពាក្យទាំងនេះជាមិនខាន