29 រួចឯដំណើរយេហូយ៉ាគីម ជាស្តេចយូដា នោះត្រូវឲ្យឯងប្រាប់ថា ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលយ៉ាងដូច្នេះ ឯងបានដុតក្រាំងនោះចោល ដោយពាក្យថា ហេតុអ្វីបានជាសរសេរដូច្នេះថា ស្តេចបាប៊ីឡូននឹងមក ហើយបំផ្លាញស្រុកនេះទៅ ព្រមទាំងធ្វើឲ្យលែងមានទាំងមនុស្ស និងសត្វជាពិត
30 ហេតុនោះព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលពីដំណើរយេហូយ៉ាគីម ជាស្តេចយូដាដូច្នេះថា វានឹងគ្មានអ្នកណាសំរាប់អង្គុយលើបល្ល័ង្ករបស់ដាវីឌឡើយ ហើយសពវានឹងត្រូវបោះចោលទៅក្រៅ ឲ្យហាលក្តៅនៅពេលថ្ងៃ និងសន្សើមកកនៅពេលយប់
31 អញនឹងធ្វើទោសដល់វា និងពូជវា ព្រមទាំងពួកមហាតលិកទាំងប៉ុន្មាន ដោយព្រោះអំពើទុច្ចរិតរបស់វារាល់គ្នា ហើយអញនឹងនាំអស់ទាំងសេចក្តីអាក្រក់មកលើវារាល់គ្នា និងលើពួកអ្នកនៅក្រុងយេរូសាឡិម ហើយលើពួកមនុស្សនៅស្រុកយូដាទាំងប៉ុន្មានផង តាមដែលអញបានពោលទាស់នឹងវារាល់គ្នាហើយ តែគេមិនព្រមស្តាប់តាមសោះ
32 ដូច្នេះ យេរេមាក៏យកក្រាំង១ទៀត ឲ្យដល់ស្មៀនបារូក ជាកូននេរីយ៉ា ហើយគាត់ក៏សរសេរទុកអស់ទាំងពាក្យនោះតាមមាត់យេរេមា ដូចជាមាននៅក្នុងក្រាំងដែលយេហូយ៉ាគីម ស្តេចយូដាបានដុតចោលនោះ ក៏មានសេចក្តីបែបដូចគ្នាជាច្រើនទៀតបានបន្ថែមបញ្ចូលផង។