8 ដូច្នេះបារូក ជាកូននេរីយ៉ា ក៏សំរេចតាមគ្រប់ទាំងសេចក្តីដែលហោរាយេរេមាបានបង្គាប់ គឺបានអានមើលព្រះបន្ទូលនៃព្រះយេហូវ៉ា ដែលកត់ចុះក្នុងក្រាំង នៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា។
9 រីឯនៅខែមិគសិរ ក្នុងឆ្នាំទី៥ នៃរាជ្យយេហូយ៉ាគីម ជាបុត្រយ៉ូសៀសស្តេចយូដា នោះប្រជាជនទាំងឡាយនៅក្រុងយេរូសាឡិម ហើយបណ្តាជនដែលមកឯក្រុងយេរូសាឡិម ពីទីក្រុងស្រុកយូដាទាំងប៉ុន្មាន ក៏ប្រកាសឲ្យមានថ្ងៃតមនៅចំពោះព្រះយេហូវ៉ា
10 ខណៈនោះ បារូកក៏អានមើលក្រាំង ជាពាក្យរបស់យេរេមា ក្នុងព្រះវិហារនៃព្រះយេហូវ៉ាឲ្យបណ្តាជនស្តាប់ គឺក្នុងបន្ទប់របស់ស្មៀនកេម៉ារាជាកូនសាផាន ដែលនៅទីលានខាងលើ ត្រង់ទ្វារថ្មីនៃព្រះវិហារព្រះយេហូវ៉ា។
11 លុះកាលមីកា ជាកូនកេម៉ារា ដែលជាកូនរបស់សាផានបានឮអស់ទាំងព្រះបន្ទូលនៃព្រះយេហូវ៉ា ដែលនៅក្នុងក្រាំងនោះហើយ
12 នោះក៏ចុះទៅឯព្រះរាជវាំងចូលក្នុងបន្ទប់ស្មៀន ឃើញមានពួកចៅហ្វាយទាំងប៉ុន្មាននៅទីនោះ គឺស្មៀនអេលីសាម៉ា ហើយដេឡាយ៉ា ជាកូនសេម៉ាយ៉ា និងអែលណាថាន ជាកូនអ័កបោរ កេម៉ារា ជាកូនសាផាន សេដេគា ជាកូនហាណានា ហើយពួកចៅហ្វាយទាំងអស់ផង
13 មីកាក៏ជំរាបគេតាមគ្រប់ទាំងពាក្យដែលខ្លួនបានឮ ក្នុងកាលដែលបារូកអានមើលក្រាំងនោះឲ្យបណ្តាជនស្តាប់
14 ដូច្នេះ ពួកចៅហ្វាយទាំងនោះក៏ចាត់យេហ៊ូឌី ជាកូននេថានា ដែលជាកូនសេលេមាដែលជាកូនគូស៊ី ឲ្យទៅឯបារូកប្រាប់ថា ចូរយកក្រាំងដែលឯងបានអានមើលឲ្យបណ្តាជនស្តាប់នោះមក បារូកជាកូននេរីយ៉ាក៏យកក្រាំងកាន់នៅដៃទៅឯគេ