យេរេមា 36:9-15 KHOV

9 រីឯ​នៅ​ខែ​មិគសិរ ក្នុង​ឆ្នាំ​ទី​៥ នៃ​រាជ្យ​យេហូយ៉ាគីម ជា​បុត្រ​យ៉ូសៀស​ស្តេច​យូដា នោះ​ប្រជា‌ជន​ទាំង‌ឡាយ​នៅ​ក្រុង​យេរូ‌សាឡិម ហើយ​បណ្តា‌ជន​ដែល​មក​ឯ​ក្រុង​យេរូ‌សាឡិម ពី​ទី​ក្រុង​ស្រុក​យូដា​ទាំង​ប៉ុន្មាន ក៏​ប្រកាស​ឲ្យ​មាន​ថ្ងៃ​តម​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា

10 ខណៈ​នោះ បារូក​ក៏​អាន​មើល​ក្រាំង ជា​ពាក្យ​របស់​យេរេមា ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​ឲ្យ​បណ្តា‌ជន​ស្តាប់ គឺ​ក្នុង​បន្ទប់​របស់​ស្មៀន​កេម៉ារា​ជា​កូន​សាផាន ដែល​នៅ​ទីលាន​ខាង​លើ ត្រង់​ទ្វារ​ថ្មី​នៃ​ព្រះ‌វិហារ​ព្រះ‌យេហូវ៉ា។

11 លុះ​កាល​មីកា ជា​កូន​កេម៉ារា ដែល​ជា​កូន​របស់​សាផាន​បាន​ឮ​អស់​ទាំង​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ដែល​នៅ​ក្នុង​ក្រាំង​នោះ​ហើយ

12 នោះ​ក៏​ចុះ​ទៅ​ឯ​ព្រះ‌រាជ​វាំង​ចូល​ក្នុង​បន្ទប់​ស្មៀន ឃើញ​មាន​ពួក​ចៅ‌ហ្វាយ​ទាំង​ប៉ុន្មាន​នៅ​ទី​នោះ គឺ​ស្មៀន​អេលីសាម៉ា ហើយ​ដេឡាយ៉ា ជា​កូន​សេម៉ាយ៉ា និង​អែល‌ណា‌ថាន ជា​កូន​អ័កបោរ កេម៉ារា ជា​កូន​សាផាន សេដេគា ជា​កូន​ហាណានា ហើយ​ពួក​ចៅ‌ហ្វាយ​ទាំង​អស់​ផង

13 មីកា​ក៏​ជំរាប​គេ​តាម​គ្រប់​ទាំង​ពាក្យ​ដែល​ខ្លួន​បាន​ឮ ក្នុង​កាល​ដែល​បារូក​អាន​មើល​ក្រាំង​នោះ​ឲ្យ​បណ្តា‌ជន​ស្តាប់

14 ដូច្នេះ ពួក​ចៅ‌ហ្វាយ​ទាំង​នោះ​ក៏​ចាត់​យេហ៊ូឌី ជា​កូន​នេថានា ដែល​ជា​កូន​សេលេមា​ដែល​ជា​កូន​គូស៊ី ឲ្យ​ទៅ​ឯ​បារូក​ប្រាប់​ថា ចូរ​យក​ក្រាំង​ដែល​ឯង​បាន​អាន​មើល​ឲ្យ​បណ្តា‌ជន​ស្តាប់​នោះ​មក បារូក​ជា​កូន​នេរីយ៉ា​ក៏​យក​ក្រាំង​កាន់​នៅ​ដៃ​ទៅ​ឯ​គេ

15 រួច​គេ​ប្រាប់​ថា ចូរ​ឯង​អង្គុយ​អាន​មើល​ឲ្យ​យើង​ស្តាប់​ផង នោះ​បារូក​ក៏​អាន​មើល