យេរេមា 37:11-17 KHOV

11 នៅ​គ្រា​ដែល​ពល‌ទ័ព​របស់​ពួក​ខាល់ដេ បាន​ថយ​ចេញ​ពី​ក្រុង​យេរូ‌សាឡិម​ទៅ ដោយ​ខ្លាច​ពួក​ពល‌ទ័ព​របស់​ផារ៉ោន​ហើយ

12 នោះ​យេរេមា​ក៏​ចេញ​ពី​ក្រុង​យេរូ‌សាឡិម​ចង់​ទៅ​ឯ​ស្រុក​បេន‌យ៉ា‌មីន ដើម្បី​ទទួល​ដី​ជា​ចំណែក​របស់​លោក នៅ​កណ្តាល​ពួក​អ្នក​ស្រុក​នោះ

13 តែ​កាល​លោក​កំពុង​ចេញ​តាម​ទ្វារ​បេន‌យ៉ា‌មីន នោះ​មាន​មេ‌ទ័ព​ពួក​ល្បាត​នៅ​ទី​នោះ​ឈ្មោះ​យារីយ៉ា ជា​កូន​សេលេមា ដែល​ជា​កូន​ហាណានា អ្នក​នោះ​ក៏​ចាប់​ហោរា​យេរេមា ដោយ​ចោទ​ថា ឯង​រវាត​ចូល​ទៅ​ខាង​ពួក​ខាល់ដេ​ឬ

14 យេរេមា​ប្រកែក​ថា​មិន​មែន​ទេ ខ្ញុំ​មិន​រវាត​ចូល​ទៅ​ខាង​ពួក​ខាល់ដេ​ឡើយ ប៉ុន្តែ​យារីយ៉ា​មិន​ព្រម​ជឿ​លោក​សោះ ក៏​ចាប់​យេរេមា​នាំ​ទៅ​ឯ​ពួក​ចៅ‌ហ្វាយ

15 នោះ​ពួក​ចៅ‌ហ្វាយ​មាន​សេចក្តី​ក្រោធ​នឹង​យេរេមា ក៏​វាយ​លោក ហើយ​នាំ​ទៅ​ឃុំ​ទុក​ក្នុង​ផ្ទះ​ស្មៀន​យ៉ូណា‌ថាន ដ្បិត​គេ​បាន​យក​ផ្ទះ​នោះ​ធ្វើ​ជា​គុក​ហើយ។

16 កាល​យេរេមា​បាន​ចូល​ទៅ​ក្នុង​បន្ទប់​នៃ​គុក នៅ​ក្រោម​ដី​នោះ រួច​បាន​នៅ​ទី​នោះ​ជា​យូរ​ថ្ងៃ​ទៅ

17 នោះ​ស្តេច​សេដេគា​ក៏​ចាត់​គេ​ឲ្យ​ទៅ​នាំ​លោក​មក ស្តេច​ទ្រង់​សួរ​លោក​ដោយ​សំងាត់​នៅ​ក្នុង​ដំណាក់​ថា តើ​មាន​ព្រះ‌បន្ទូល​ណា​មក​ពី​ព្រះ‌យេហូវ៉ា​ឬ​ទេ យេរេមា​ទូល​តប​ថា មាន​ដែរ លោក​ក៏​ទូល​ថា ទ្រង់​នឹង​ត្រូវ​ប្រគល់​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ស្តេច​បាប៊ីឡូន