យេរេមា 37:7-13 KHOV

7 ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ ត្រូវ​ឲ្យ​ឯង​ឆ្លើយ​តប​នឹង​ស្តេច​យូដា ដែល​ចាត់​ឯង​ឲ្យ​មក​សួរ​ដល់​អញ​ថា មើល ពួក​ពល‌ទ័ព​របស់​ផារ៉ោន ដែល​លើក​ចេញ​មក​ជួយ​ឯង គេ​នឹង​វិល​ត្រឡប់​ទៅ​ឯ​ស្រុក​អេស៊ីព្ទ ជា​ស្រុក​របស់​គេ​វិញ

8 រួច​ពួក​ខាល់ដេ​នឹង​មក​ម្តង​ទៀត ច្បាំង​នឹង​ទី​ក្រុង​នេះ ហើយ​នឹង​ចាប់​យក​បាន​ផង រួច​គេ​នឹង​ដុត​ចោល

9 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​យ៉ាង​ដូច្នេះ​ថា កុំ​ឲ្យ​បញ្ឆោត​ខ្លួន​ឯង​រាល់​គ្នា​ដោយ​ថា ពួក​ខាល់ដេ​នឹង​ថយ​ចេញ​ពី​យើង​ជា​ប្រាកដ​នោះ​ឡើយ ដ្បិត​គេ​នឹង​មិន​ថយ​ចេញ​ទៅ​ទេ

10 ពី​ព្រោះ​ទោះ​បើ​ឯង​រាល់​គ្នា​បាន​វាយ​ពល‌ទ័ព​ទាំង​មូល របស់​ពួក​ខាល់ដេ​ដែល​ច្បាំង​នឹង​ឯង ឲ្យ​មាន​សល់​តែ​មនុស្ស​របួស​ប៉ុណ្ណោះ​ក៏​ដោយ គង់​តែ​គេ​នឹង​ក្រោក​ឡើង នៅ​ក្នុង​ត្រសាល​គេ​រៀង​ខ្លួន មក​ដុត​ទី​ក្រុង​នេះ​ចោល​ដែរ។

11 នៅ​គ្រា​ដែល​ពល‌ទ័ព​របស់​ពួក​ខាល់ដេ បាន​ថយ​ចេញ​ពី​ក្រុង​យេរូ‌សាឡិម​ទៅ ដោយ​ខ្លាច​ពួក​ពល‌ទ័ព​របស់​ផារ៉ោន​ហើយ

12 នោះ​យេរេមា​ក៏​ចេញ​ពី​ក្រុង​យេរូ‌សាឡិម​ចង់​ទៅ​ឯ​ស្រុក​បេន‌យ៉ា‌មីន ដើម្បី​ទទួល​ដី​ជា​ចំណែក​របស់​លោក នៅ​កណ្តាល​ពួក​អ្នក​ស្រុក​នោះ

13 តែ​កាល​លោក​កំពុង​ចេញ​តាម​ទ្វារ​បេន‌យ៉ា‌មីន នោះ​មាន​មេ‌ទ័ព​ពួក​ល្បាត​នៅ​ទី​នោះ​ឈ្មោះ​យារីយ៉ា ជា​កូន​សេលេមា ដែល​ជា​កូន​ហាណានា អ្នក​នោះ​ក៏​ចាប់​ហោរា​យេរេមា ដោយ​ចោទ​ថា ឯង​រវាត​ចូល​ទៅ​ខាង​ពួក​ខាល់ដេ​ឬ