10 ដូច្នេះ ស្តេចទ្រង់បង្គាប់អេបេឌ-មេលេក ជាសាសន៍អេធីយ៉ូពីថា ចូរនាំយកមនុស្ស៣០នាក់ពីទីនេះទៅជាមួយនឹងឯង ហើយស្រង់ហោរាយេរេមាចេញពីគុកងងឹតមក ក្រែងលោកស្លាប់
11 អេបេឌ-មេលេកក៏នាំយកមនុស្សទាំងនោះ ទៅជាមួយចូលទៅខាងក្រោមឃ្លាំងក្នុងព្រះរាជវាំង ក៏យកកំណាត់ចាស់ៗ និងអាវរយ៉ីរយ៉ៃទៅសំរូតចុះដល់យេរេមានៅក្នុងគុកងងឹត
12 រួចអេបេឌ-មេលេក ជាសាសន៍អេធីយ៉ូពី ក៏ប្រាប់យេរេមាថា សូមទ្រាប់កំណាត់ចាស់ និងអាវរយ៉ីរយ៉ៃទាំងនេះ នៅក្រោមក្លៀកលោកពីក្រោមខ្សែពួរទៅ យេរេមាក៏ធ្វើដូច្នោះ
13 រួចគេយោងទាញយេរេមាឡើងរួចពីគុកងងឹតមក ហើយលោកបាននៅជាប់ក្នុងទីលានគុកវិញ។
14 គ្រានោះ ស្តេចសេដេគាទ្រង់ចាត់គេទៅនាំហោរាយេរេមាមកឯទ្រង់ នៅត្រង់ទ្វារទី៣ក្នុងព្រះវិហារនៃព្រះយេហូវ៉ា ស្តេចទ្រង់មានព្រះបន្ទូលដល់យេរេមាថា យើងចង់សួរបន្តិច កុំឲ្យលាក់អ្វីនឹងយើងឡើយ
15 ដូច្នេះ យេរេមាលោកទូលដល់សេដេគាថា បើសិនជាទូលបង្គំទូលទ្រង់ឲ្យបានជ្រាប នោះតើទ្រង់មិនសំឡាប់ទូលបង្គំជាប្រាកដទេឬ ហើយបើទូលបង្គំទូន្មានទ្រង់ នោះទ្រង់ក៏មិនព្រមស្តាប់តាមដែរ
16 នោះស្តេចសេដេគាទ្រង់ស្បថឲ្យយេរេមាដោយសំងាត់ថា ដូចជាព្រះយេហូវ៉ាទ្រង់មានព្រះជន្មរស់នៅ ដែលទ្រង់បានបង្កើតព្រលឹងឲ្យយើងនេះ នោះប្រាកដជាយើងមិនសំឡាប់ ឬប្រគល់អ្នកទៅក្នុងកណ្តាប់ដៃនៃពួកអ្នកដែលរកជីវិតអ្នកឡើយ។