12 រួចអេបេឌ-មេលេក ជាសាសន៍អេធីយ៉ូពី ក៏ប្រាប់យេរេមាថា សូមទ្រាប់កំណាត់ចាស់ និងអាវរយ៉ីរយ៉ៃទាំងនេះ នៅក្រោមក្លៀកលោកពីក្រោមខ្សែពួរទៅ យេរេមាក៏ធ្វើដូច្នោះ
13 រួចគេយោងទាញយេរេមាឡើងរួចពីគុកងងឹតមក ហើយលោកបាននៅជាប់ក្នុងទីលានគុកវិញ។
14 គ្រានោះ ស្តេចសេដេគាទ្រង់ចាត់គេទៅនាំហោរាយេរេមាមកឯទ្រង់ នៅត្រង់ទ្វារទី៣ក្នុងព្រះវិហារនៃព្រះយេហូវ៉ា ស្តេចទ្រង់មានព្រះបន្ទូលដល់យេរេមាថា យើងចង់សួរបន្តិច កុំឲ្យលាក់អ្វីនឹងយើងឡើយ
15 ដូច្នេះ យេរេមាលោកទូលដល់សេដេគាថា បើសិនជាទូលបង្គំទូលទ្រង់ឲ្យបានជ្រាប នោះតើទ្រង់មិនសំឡាប់ទូលបង្គំជាប្រាកដទេឬ ហើយបើទូលបង្គំទូន្មានទ្រង់ នោះទ្រង់ក៏មិនព្រមស្តាប់តាមដែរ
16 នោះស្តេចសេដេគាទ្រង់ស្បថឲ្យយេរេមាដោយសំងាត់ថា ដូចជាព្រះយេហូវ៉ាទ្រង់មានព្រះជន្មរស់នៅ ដែលទ្រង់បានបង្កើតព្រលឹងឲ្យយើងនេះ នោះប្រាកដជាយើងមិនសំឡាប់ ឬប្រគល់អ្នកទៅក្នុងកណ្តាប់ដៃនៃពួកអ្នកដែលរកជីវិតអ្នកឡើយ។
17 រួចយេរេមាទូលដល់សេដេគាថា ព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារ គឺជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលដូច្នេះ បើទ្រង់យាងចេញទៅឯពួកចៅហ្វាយរបស់ស្តេចបាប៊ីឡូន នោះទ្រង់នឹងគង់ព្រះជន្មនៅ ហើយទីក្រុងនេះក៏មិនត្រូវដុតនឹងភ្លើងដែរ គឺទ្រង់ និងពួកវង្សាទ្រង់នឹងបានរួចជីវិត
18 ប៉ុន្តែបើទ្រង់មិនព្រមចេញទៅឯពួកចៅហ្វាយរបស់ស្តេចបាប៊ីឡូនទេ នោះទីក្រុងនេះនឹងត្រូវប្រគល់ទៅក្នុងកណ្តាប់ដៃនៃពួកខាល់ដេ ហើយគេនឹងដុតចោល ឯទ្រង់ក៏មិនរួចពីកណ្តាប់ដៃគេដែរ