16 នោះស្តេចសេដេគាទ្រង់ស្បថឲ្យយេរេមាដោយសំងាត់ថា ដូចជាព្រះយេហូវ៉ាទ្រង់មានព្រះជន្មរស់នៅ ដែលទ្រង់បានបង្កើតព្រលឹងឲ្យយើងនេះ នោះប្រាកដជាយើងមិនសំឡាប់ ឬប្រគល់អ្នកទៅក្នុងកណ្តាប់ដៃនៃពួកអ្នកដែលរកជីវិតអ្នកឡើយ។
17 រួចយេរេមាទូលដល់សេដេគាថា ព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារ គឺជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលដូច្នេះ បើទ្រង់យាងចេញទៅឯពួកចៅហ្វាយរបស់ស្តេចបាប៊ីឡូន នោះទ្រង់នឹងគង់ព្រះជន្មនៅ ហើយទីក្រុងនេះក៏មិនត្រូវដុតនឹងភ្លើងដែរ គឺទ្រង់ និងពួកវង្សាទ្រង់នឹងបានរួចជីវិត
18 ប៉ុន្តែបើទ្រង់មិនព្រមចេញទៅឯពួកចៅហ្វាយរបស់ស្តេចបាប៊ីឡូនទេ នោះទីក្រុងនេះនឹងត្រូវប្រគល់ទៅក្នុងកណ្តាប់ដៃនៃពួកខាល់ដេ ហើយគេនឹងដុតចោល ឯទ្រង់ក៏មិនរួចពីកណ្តាប់ដៃគេដែរ
19 ស្តេចសេដេគា ទ្រង់មានព្រះបន្ទូលនឹងយេរេមាថា យើងខ្លាចពួកសាសន៍យូដា ដែលរវាតចូលទៅខាងពួកខាល់ដេ ហើយក្រែងសាសន៍ខាល់ដេប្រគល់យើង ទៅក្នុងកណ្តាប់ដៃគេហើយគេត្មះតិះដៀលយើង
20 តែយេរេមាទូលតបថា គេនឹងមិនប្រគល់ទ្រង់ទៅទេ ទូលបង្គំអង្វរទ្រង់ សូមស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ា តាមសេចក្តីដែលទូលបង្គំទូលដល់ទ្រង់ចុះ នោះទ្រង់នឹងបានសេចក្តីសុខ ហើយនឹងមានព្រះជន្មនៅ
21 តែបើសិនជាទ្រង់មិនព្រមយាងចេញទៅទេ នោះព្រះយេហូវ៉ា ទ្រង់បានសំដែងសេចក្តីនេះមក ឲ្យទូលបង្គំឃើញថា
22 មើល ពួកស្រីៗទាំងប៉ុន្មាន ដែលសល់នៅក្នុងដំណាក់របស់ស្តេចយូដា នឹងត្រូវនាំចេញទៅឯពួកចៅហ្វាយរបស់ស្តេចបាប៊ីឡូន ហើយស្រីៗទាំងនោះនឹងពោលថា ពួកជំនិតរបស់ទ្រង់បានបញ្ឆោតទ្រង់ ហើយក៏ឈ្នះទ្រង់ផង ឥឡូវនេះ ដែលព្រះបាទទ្រង់ផុងជាប់ទៅក្នុងភក់ហើយ នោះគេបានងាកចេញពីទ្រង់ទៅ