យេរេមា 38:3-9 KHOV

3 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ទី​ក្រុង​នេះ​នឹង​ត្រូវ​ប្រគល់​ទៅ ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​ទ័ព​របស់​ស្តេច​បាប៊ីឡូន ហើយ​គេ​នឹង​ចាប់​យក​បាន​ជា​ពិត

4 ដូច្នេះ ពួក​ចៅ‌ហ្វាយ​ទាំង​ប៉ុន្មាន ក៏​ទូល​ស្តេច​ថា សូម​ទ្រង់​អនុញ្ញាត​ឲ្យ​មនុស្ស​នេះ​ត្រូវ​ទោស​ដល់​ស្លាប់​ចុះ ពី​ព្រោះ​វា​នាំ​ឲ្យ​ពួក​ទាហាន​ដែល​សល់​នៅ​ក្នុង​ទី​ក្រុង និង​ពួក​បណ្តា‌ជន​ទាំង‌ឡាយ​ខ្សោយ​ដៃ​ទៅ ដោយ​ពោល​ពាក្យ​យ៉ាង​នេះ​ដល់​គេ ដ្បិត​មនុស្ស​នេះ​មិន​ស្វែង​រក​សេចក្តី​ល្អ ដល់​ជន‌ជាតិ​នេះ​ទេ គឺ​រក​តែ​ឲ្យ​គេ​បាន​អន្តរាយ​វិញ

5 ស្តេច​សេដេគា​មាន​ព្រះ‌បន្ទូល​តប​ថា មើល វា​នៅ​ក្នុង​កណ្តាប់​ដៃ​នៃ​អ្នក​រាល់​គ្នា​ហើយ ដ្បិត​ស្តេច​មិន​អាច​នឹង​ធ្វើ​អ្វី ទាស់​ទទឹង​នឹង​អ្នក​រាល់​គ្នា​បាន​ទេ

6 នោះ​គេ​ក៏​ចាប់​យក​យេរេមា​ទៅ​ដាក់​ក្នុង​គុក​ងងឹត​របស់​ម៉ាលគា ជា​កូន​ហាម៉ាលេក ដែល​នៅ​ទីលាន​គុក គេ​យក​ខ្សែ​សំរូត​យេរេមា​ចុះ​ទៅ រីឯ​នៅ​ក្នុង​គុក​ងងឹត​នោះ​គ្មាន​ទឹក​ទេ មាន​សុទ្ធ​តែ​ភក់​វិញ ហើយ​យេរេមា​ក៏​ផុង​ទៅ​ក្នុង​ភក់​នោះ។

7 កាល​អេបេឌ-មេលេក ជា​មនុស្ស​គំរៀវ សាសន៍​អេធីយ៉ូពី ដែល​នៅ​ក្នុង​វាំង​ហ្លួង គាត់​បាន​ឮ​ថា គេ​ដាក់​យេរេមា​ក្នុង​គុក​ងងឹត​ដូច្នោះ (គ្រា​នោះ​ស្តេច​កំពុង​គង់​នៅ​ត្រង់​ទ្វារ​បេន‌យ៉ា‌មីន)

8 នោះ​អេបេឌ-មេលេក​ក៏​ចេញ​ពី​ព្រះ‌រាជ​វាំង​ទៅ​ទូល​ស្តេច​ថា

9 ឱ​ព្រះ‌ករុណា ជា​ព្រះ‌អម្ចាស់​នៃ​ទូល‌បង្គំ​អើយ ក្នុង​ការ​ទាំង​ប៉ុន្មាន​ដែល​មនុស្ស​ទាំង​នេះ​បាន​ធ្វើ​ដល់​ហោរា​យេរេមា គឺ​ដែល​គេ​បាន​ដាក់​លោក​ឲ្យ​នៅ​ក្នុង​គុក​ងងឹត នោះ​ជា​ការ​អាក្រក់​ណាស់ ដ្បិត​មុខ​ជា​លោក​នឹង​ស្លាប់​នៅ​ទី​នោះ ដោយ​ព្រោះ​អំណត់​ជា​មិន​ខាន ពី​ព្រោះ​គ្មាន​អាហារ​នៅ​ក្នុង​ទី​ក្រុង​ទៀត​ទេ