6 នោះគេក៏ចាប់យកយេរេមាទៅដាក់ក្នុងគុកងងឹតរបស់ម៉ាលគា ជាកូនហាម៉ាលេក ដែលនៅទីលានគុក គេយកខ្សែសំរូតយេរេមាចុះទៅ រីឯនៅក្នុងគុកងងឹតនោះគ្មានទឹកទេ មានសុទ្ធតែភក់វិញ ហើយយេរេមាក៏ផុងទៅក្នុងភក់នោះ។
7 កាលអេបេឌ-មេលេក ជាមនុស្សគំរៀវ សាសន៍អេធីយ៉ូពី ដែលនៅក្នុងវាំងហ្លួង គាត់បានឮថា គេដាក់យេរេមាក្នុងគុកងងឹតដូច្នោះ (គ្រានោះស្តេចកំពុងគង់នៅត្រង់ទ្វារបេនយ៉ាមីន)
8 នោះអេបេឌ-មេលេកក៏ចេញពីព្រះរាជវាំងទៅទូលស្តេចថា
9 ឱព្រះករុណា ជាព្រះអម្ចាស់នៃទូលបង្គំអើយ ក្នុងការទាំងប៉ុន្មានដែលមនុស្សទាំងនេះបានធ្វើដល់ហោរាយេរេមា គឺដែលគេបានដាក់លោកឲ្យនៅក្នុងគុកងងឹត នោះជាការអាក្រក់ណាស់ ដ្បិតមុខជាលោកនឹងស្លាប់នៅទីនោះ ដោយព្រោះអំណត់ជាមិនខាន ពីព្រោះគ្មានអាហារនៅក្នុងទីក្រុងទៀតទេ
10 ដូច្នេះ ស្តេចទ្រង់បង្គាប់អេបេឌ-មេលេក ជាសាសន៍អេធីយ៉ូពីថា ចូរនាំយកមនុស្ស៣០នាក់ពីទីនេះទៅជាមួយនឹងឯង ហើយស្រង់ហោរាយេរេមាចេញពីគុកងងឹតមក ក្រែងលោកស្លាប់
11 អេបេឌ-មេលេកក៏នាំយកមនុស្សទាំងនោះ ទៅជាមួយចូលទៅខាងក្រោមឃ្លាំងក្នុងព្រះរាជវាំង ក៏យកកំណាត់ចាស់ៗ និងអាវរយ៉ីរយ៉ៃទៅសំរូតចុះដល់យេរេមានៅក្នុងគុកងងឹត
12 រួចអេបេឌ-មេលេក ជាសាសន៍អេធីយ៉ូពី ក៏ប្រាប់យេរេមាថា សូមទ្រាប់កំណាត់ចាស់ និងអាវរយ៉ីរយ៉ៃទាំងនេះ នៅក្រោមក្លៀកលោកពីក្រោមខ្សែពួរទៅ យេរេមាក៏ធ្វើដូច្នោះ