យេរេមា 38:7-13 KHOV

7 កាល​អេបេឌ-មេលេក ជា​មនុស្ស​គំរៀវ សាសន៍​អេធីយ៉ូពី ដែល​នៅ​ក្នុង​វាំង​ហ្លួង គាត់​បាន​ឮ​ថា គេ​ដាក់​យេរេមា​ក្នុង​គុក​ងងឹត​ដូច្នោះ (គ្រា​នោះ​ស្តេច​កំពុង​គង់​នៅ​ត្រង់​ទ្វារ​បេន‌យ៉ា‌មីន)

8 នោះ​អេបេឌ-មេលេក​ក៏​ចេញ​ពី​ព្រះ‌រាជ​វាំង​ទៅ​ទូល​ស្តេច​ថា

9 ឱ​ព្រះ‌ករុណា ជា​ព្រះ‌អម្ចាស់​នៃ​ទូល‌បង្គំ​អើយ ក្នុង​ការ​ទាំង​ប៉ុន្មាន​ដែល​មនុស្ស​ទាំង​នេះ​បាន​ធ្វើ​ដល់​ហោរា​យេរេមា គឺ​ដែល​គេ​បាន​ដាក់​លោក​ឲ្យ​នៅ​ក្នុង​គុក​ងងឹត នោះ​ជា​ការ​អាក្រក់​ណាស់ ដ្បិត​មុខ​ជា​លោក​នឹង​ស្លាប់​នៅ​ទី​នោះ ដោយ​ព្រោះ​អំណត់​ជា​មិន​ខាន ពី​ព្រោះ​គ្មាន​អាហារ​នៅ​ក្នុង​ទី​ក្រុង​ទៀត​ទេ

10 ដូច្នេះ ស្តេច​ទ្រង់​បង្គាប់​អេបេឌ-មេលេក ជា​សាសន៍​អេធីយ៉ូពី​ថា ចូរ​នាំ​យក​មនុស្ស​៣០​នាក់​ពី​ទី​នេះ​ទៅ​ជា​មួយ​នឹង​ឯង ហើយ​ស្រង់​ហោរា​យេរេមា​ចេញ​ពី​គុក​ងងឹត​មក ក្រែង​លោក​ស្លាប់

11 អេបេឌ-មេលេក​ក៏​នាំ​យក​មនុស្ស​ទាំង​នោះ ទៅ​ជា​មួយ​ចូល​ទៅ​ខាង​ក្រោម​ឃ្លាំង​ក្នុង​ព្រះ‌រាជ​វាំង ក៏​យក​កំណាត់​ចាស់ៗ និង​អាវ​រយ៉ី‌រយ៉ៃ​ទៅ​សំរូត​ចុះ​ដល់​យេរេមា​នៅ​ក្នុង​គុក​ងងឹត

12 រួច​អេបេឌ-មេលេក ជា​សាសន៍​អេធីយ៉ូពី ក៏​ប្រាប់​យេរេមា​ថា សូម​ទ្រាប់​កំណាត់​ចាស់ និង​អាវ​រយ៉ី‌រយ៉ៃ​ទាំង​នេះ នៅ​ក្រោម​ក្លៀក​លោក​ពី​ក្រោម​ខ្សែពួរ​ទៅ យេរេមា​ក៏​ធ្វើ​ដូច្នោះ

13 រួច​គេ​យោង​ទាញ​យេរេមា​ឡើង​រួច​ពី​គុក​ងងឹត​មក ហើយ​លោក​បាន​នៅ​ជាប់​ក្នុង​ទីលាន​គុក​វិញ។