យេរេមា 39:2-8 KHOV

2 ហើយ​នៅ​ថ្ងៃ​៩ ខែ​អាសាធ ឆ្នាំ​ទី​១១ នៃ​រាជ្យ​សេដេគា នោះ​គេ​បំបែក​ទំលាយ​កំផែង​ទី​ក្រុង​បាន​ហើយ

3 រួច​ពួក​ចៅ‌ហ្វាយ​របស់​ស្តេច​បាប៊ីឡូន​ទាំង​ប៉ុន្មាន ក៏​ចូល​មក​អង្គុយ​នៅ​ត្រង់​ទ្វារ​ជាន់​កណ្តាល គឺ​មាន​នើកាល-សារេស៊ើរ​១ សាំកា-នេបូរ​១ សាសេគិម​១ រ៉ាប-សារីស​១ នើកាល-សារេស៊ើរ​១ ហើយ​រ៉ាប-ម៉ាក់​១ ព្រម​ទាំង​ពួក​ចៅ‌ហ្វាយ​របស់​ស្តេច​បាប៊ីឡូន​ឯ​ទៀត​ទាំង​ប៉ុន្មាន​ផង។

4 កាល​សេដេគា ជា​ស្តេច​យូដា និង​ពួក​ទាហាន​ទាំង​ប៉ុន្មាន​បាន​ឃើញ​គេ នោះ​ក៏​រត់​ចេញ​ពី​ទី​ក្រុង​ទៅ​ទាំង​យប់ តាម​ផ្លូវ​សួន‌ច្បារ​របស់​ស្តេច ដែល​ចេញ​តាម​ទ្វារ​នៅ​កណ្តាល​កំផែង​ទាំង​២ ទ្រង់​ចេញ​ដំរង់​ទៅ​ឯ​ស្រុក​វាល

5 តែ​ពល‌ទ័ព​សាសន៍​ខាល់ដេ ក៏​ដេញ​តាម​សេដេគា​ទាន់​នៅ​ត្រង់​វាល​យេរីខូរ កាល​គេ​ចាប់​ទ្រង់​បាន​ហើយ នោះ​ក៏​នាំ​ទៅ​ឯ​នេប៊ូ‌ក្នេសា ជា​ស្តេច​បាប៊ីឡូន ត្រង់​រីបឡា នៅ​ស្រុក​ហាម៉ាត ហើយ​នេប៊ូ‌ក្នេសា​ក៏​កាត់​ទោស​ទ្រង់

6 រួច​ស្តេច​បាប៊ីឡូន ទ្រង់​សំឡាប់​ពួក​បុត្រា​របស់​សេដេគា នៅ​ចំពោះ​ព្រះ‌នេត្រ​ទ្រង់​ត្រង់​រីបឡា​នោះ ក៏​សំឡាប់​ពួក​អ្នក​មាន​ត្រកូល​ខ្ពស់​ទាំង​ប៉ុន្មាន​នៃ​ស្រុក​យូដា​ដែរ

7 ហើយ​ចាក់​បង្ខូច​ព្រះ‌នេត្រ​របស់​សេដេគា រួច​ដាក់​ច្រវាក់​ដឹក‌នាំ​ទៅ​ឯ​ស្រុក​បាប៊ីឡូន

8 ពួក​ខាល់ដេ​ក៏​ដុត​ព្រះ‌រាជ​វាំង និង​ផ្ទះ​ទាំង​ប៉ុន្មាន​របស់​បណ្តា‌ជន​ចោល ព្រម​ទាំង​រំលំ​កំផែង​ក្រុង​យេរូ‌សាឡិម​ផង