6 រួចស្តេចបាប៊ីឡូន ទ្រង់សំឡាប់ពួកបុត្រារបស់សេដេគា នៅចំពោះព្រះនេត្រទ្រង់ត្រង់រីបឡានោះ ក៏សំឡាប់ពួកអ្នកមានត្រកូលខ្ពស់ទាំងប៉ុន្មាននៃស្រុកយូដាដែរ
7 ហើយចាក់បង្ខូចព្រះនេត្ររបស់សេដេគា រួចដាក់ច្រវាក់ដឹកនាំទៅឯស្រុកបាប៊ីឡូន
8 ពួកខាល់ដេក៏ដុតព្រះរាជវាំង និងផ្ទះទាំងប៉ុន្មានរបស់បណ្តាជនចោល ព្រមទាំងរំលំកំផែងក្រុងយេរូសាឡិមផង
9 រួចមកនេប៊ូសារ៉ាដាន ជាមេទ័ពធំ លោកដឹកនាំសំណល់ពួកបណ្តាជនដែលនៅក្នុងទីក្រុង និងពួកអ្នកដែលរវាតទៅខាងលោក ព្រមទាំងសំណល់នៃប្រជាជនទាំងឡាយទៅជាឈ្លើយ ដល់ស្រុកបាប៊ីឡូន
10 តែនេប៊ូសារ៉ាដាន ជាមេទ័ពធំ លោកទុកពួកអ្នកក្រីក្រក្នុងបណ្តាជន ជាពួកអ្នកដែលគ្មានអ្វីសោះ ឲ្យនៅក្នុងស្រុកយូដា ហើយនៅគ្រានោះក៏ចែកដំណាំទំពាំងបាយជូរ និងចំការឲ្យដល់គេផង។
11 រីឯនេប៊ូក្នេសា ជាស្តេចបាប៊ីឡូន ទ្រង់បានបង្គាប់នេប៊ូសារ៉ាដាន ជាមេទ័ពធំ ពីដំណើរយេរេមាថា
12 ចូរយកយេរេមាទៅទំនុកបំរុងដោយល្អផង កុំឲ្យធ្វើបាបដល់លោកឡើយ គឺត្រូវឲ្យប្រព្រឹត្តនឹងលោកតាមដែលលោកប្រាប់ចុះ