1 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា បើឯងរាល់គ្នានឹងវិលមកវិញ ឱពួកអ៊ីស្រាអែលអើយ បើឯងនឹងមកឯអញវិញ ហើយនឹងលះបង់អំពើគួរស្អប់ខ្ពើមរបស់ឯងចេញពីមុខអញទៅ នោះឯងរាល់គ្នាមិនត្រូវបំបរបង់ទេ
2 ហើយបើឯងនឹងស្បថដោយពិតត្រង់ ដោយសេចក្តីយុត្តិធម៌ និងសេចក្តីសុចរិតថា ព្រះយេហូវ៉ាទ្រង់មានព្រះជន្មរស់នៅពិត នោះអស់ទាំងសាសន៍នឹងបានពរនៅក្នុងទ្រង់ ហើយនឹងអួតសរសើរពីទ្រង់។
3 ដ្បិតព្រះយេហូវ៉ា ទ្រង់មានព្រះបន្ទូល ដល់មនុស្សនៅស្រុកយូដា និងក្រុងយេរូសាឡិមដូច្នេះថា ចូរកំសុលដីហាប់របស់ឯងរាល់គ្នាឡើង ហើយកុំឲ្យសាបព្រោះ នៅកណ្តាលបន្លាឡើយ
4 ឱមនុស្សនៅស្រុកយូដា និងពួកក្រុងយេរូសាឡិមអើយ ចូរឯងរាល់គ្នាកាត់ស្បែកថ្វាយខ្លួនដល់ព្រះយេហូវ៉ា ចូរកាត់យកស្បែកចិត្តឯងចោលចេញចុះ ក្រែងសេចក្តីក្រោធរបស់អញចេញមកដូចជាភ្លើង ហើយឆេះឥតមានអ្នកណាពន្លត់បាន ដោយព្រោះសេចក្តីអាក្រក់ដែលឯងរាល់គ្នាប្រព្រឹត្តនោះ។
5 ចូរថ្លែងប្រាប់នៅស្រុកយូដា ហើយប្រកាសប្រាប់នៅក្រុងយេរូសាឡិម ដោយពាក្យថា ចូរផ្លុំត្រែនៅក្នុងស្រុក ចូរស្រែកឡើងជាខ្លាំងថា ចូរមូលគ្នាមក យើងចូលទៅក្នុងទីក្រុងទាំងប៉ុន្មានដែលមានបន្ទាយចុះ
6 ចូរលើកទង់ឡើងនៅខាងក្រុងស៊ីយ៉ូន ត្រូវឲ្យរត់ទៅ កុំបង្អង់ឡើយ ពីព្រោះអញនឹងនាំសេចក្តីអាក្រក់មកពីទិសខាងជើង ព្រមទាំងការបំផ្លាញយ៉ាងធំផង