10 នោះខ្ញុំបានទូលថា ឱព្រះអម្ចាស់យេហូវ៉ាអើយ ពិតប្រាកដជាទ្រង់បានបញ្ឆោតជនជាតិនេះ ព្រមទាំងក្រុងយេរូសាឡិមជាខ្លាំងហើយ ដោយព្រះបន្ទូលថា នឹងមានសេចក្តីសុខដល់ឯងរាល់គ្នា តែមានដាវលូកមករកជីវិតគេវិញ។
11 នៅគ្រានោះ នឹងមានសេចក្តីប្រាប់ដល់ជនជាតិនេះ ហើយដល់ក្រុងយេរូសាឡិមថា មានខ្យល់ក្តៅបក់មកពីទីខ្ពស់ត្រងិលនៅទីរហោស្ថាន ទៅខាងកូនស្រីរបស់រាស្ត្រអញ មិនមែនសំរាប់រោយស្រូវទេ ក៏មិនមែនសំរាប់សំអាតដែរ
12 គឺជាខ្យល់ពេញកំឡាំងនឹងមកជំនួសអញ ឥឡូវនេះ អញនឹងសំរេចទោសដល់គេ
13 មើល អ្នកនោះនឹងឡើងមកដូចជាពពក ហើយរទេះចំបាំងរបស់គេ នឹងដូចជាខ្យល់កួច ឯសេះរបស់គេក៏លឿនជាងសត្វឥន្ទ្រី វរហើយយើង ដ្បិតយើងត្រូវវិនាសហើយ
14 ឱក្រុងយេរូសាឡិមអើយ ចូរលាងចិត្តឯងឲ្យជ្រះចេញពីសេចក្តីទុច្ចរិតចុះ ដើម្បីឲ្យឯងបានសង្គ្រោះ តើគំនិតអាក្រក់នឹងចេះតែនៅជាប់ក្នុងចិត្តខ្លួនដល់កាលណាទៀត
15 ដ្បិតមានសំឡេង១បន្លឺចេញពីស្រុកដាន់ ក៏ចេញពីស្រុកភ្នំអេប្រាអិមមកប្រកាសពីការអាក្រក់
16 ចូរដំណាលប្រាប់ដល់អស់ទាំងសាសន៍ឲ្យដឹង នែ ចូរប្រកាសប្រាប់ទាស់នឹងក្រុងយេរូសាឡិមថា មានពួកទ័ពកំពុងតែមកពីស្រុកឆ្ងាយ ដើម្បីឡោមព័ទ្ធឯង គេស្រែកទាស់នឹងទីក្រុងស្រុកយូដាទាំងប៉ុន្មាន