12 គឺជាខ្យល់ពេញកំឡាំងនឹងមកជំនួសអញ ឥឡូវនេះ អញនឹងសំរេចទោសដល់គេ
13 មើល អ្នកនោះនឹងឡើងមកដូចជាពពក ហើយរទេះចំបាំងរបស់គេ នឹងដូចជាខ្យល់កួច ឯសេះរបស់គេក៏លឿនជាងសត្វឥន្ទ្រី វរហើយយើង ដ្បិតយើងត្រូវវិនាសហើយ
14 ឱក្រុងយេរូសាឡិមអើយ ចូរលាងចិត្តឯងឲ្យជ្រះចេញពីសេចក្តីទុច្ចរិតចុះ ដើម្បីឲ្យឯងបានសង្គ្រោះ តើគំនិតអាក្រក់នឹងចេះតែនៅជាប់ក្នុងចិត្តខ្លួនដល់កាលណាទៀត
15 ដ្បិតមានសំឡេង១បន្លឺចេញពីស្រុកដាន់ ក៏ចេញពីស្រុកភ្នំអេប្រាអិមមកប្រកាសពីការអាក្រក់
16 ចូរដំណាលប្រាប់ដល់អស់ទាំងសាសន៍ឲ្យដឹង នែ ចូរប្រកាសប្រាប់ទាស់នឹងក្រុងយេរូសាឡិមថា មានពួកទ័ពកំពុងតែមកពីស្រុកឆ្ងាយ ដើម្បីឡោមព័ទ្ធឯង គេស្រែកទាស់នឹងទីក្រុងស្រុកយូដាទាំងប៉ុន្មាន
17 គេនៅព័ទ្ធជុំវិញទីក្រុង ដូចជាពួករក្សាចំការ ពីព្រោះពួកក្រុងបានបះបោរនឹងអញ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា
18 គឺជាផ្លូវដែលឯងប្រព្រឹត្ត និងអំពើរបស់ឯង ដែលបាននាំការទាំងនេះមកលើឯង នេះគឺជាសំណងនៃអំពើទុច្ចរិតរបស់ឯង ពិតប្រាកដជាជូរចត់ណាស់ ពីព្រោះការនេះលូកមកប៉ះពាល់ដល់ចិត្តឯងហើយ។