យេរេមា 4:17-23 KHOV

17 គេ​នៅ​ព័ទ្ធ​ជុំវិញ​ទី​ក្រុង ដូច​ជា​ពួក​រក្សា​ចំការ ពី​ព្រោះ​ពួក​ក្រុង​បាន​បះ‌បោរ​នឹង​អញ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា

18 គឺ​ជា​ផ្លូវ​ដែល​ឯង​ប្រព្រឹត្ត និង​អំពើ​របស់​ឯង ដែល​បាន​នាំ​ការ​ទាំង​នេះ​មក​លើ​ឯង នេះ​គឺ​ជា​សំណង​នៃ​អំពើ​ទុច្ចរិត​របស់​ឯង ពិត​ប្រាកដ​ជា​ជូរ​ចត់​ណាស់ ពី​ព្រោះ​ការ​នេះ​លូក​មក​ប៉ះពាល់​ដល់​ចិត្ត​ឯង​ហើយ។

19 ឱ​ពោះ​ខ្ញុំ ពោះ​ខ្ញុំ​អើយ ខ្ញុំ​មាន​សេចក្តី​ឈឺ​ចាប់​នៅ​ក្នុង​ចិត្ត បេះ‌ដូង​ខ្ញុំ​ប្រដំ​នៅ​ក្នុង​ខ្លួន ខ្ញុំ​នៅ​ស្ងៀម​មិន​បាន​ទេ ដ្បិត​ឱ​ព្រលឹង​អញ​អើយ ឯង​បាន​ឮ​សូរ​ត្រែ ជា​សូរ​អឺង‌កង​នៃ​ចំបាំង​ហើយ

20 គេ​ស្រែក​តឿន​គ្នា​ឲ្យ​បំផ្លាញ​ខ្ជាន់​លើ​ការ​បំផ្លាញ ពី​ព្រោះ​ស្រុក​ទាំង​មូល​ត្រូវ​ខូច​អស់​ហើយ ទី​អាស្រ័យ​នៅ​របស់​ខ្ញុំ​ស្រាប់​តែ​ខូច​បង់​ភ្លាម ហើយ​ត្រសាល​របស់​ខ្ញុំ​ជា​១​រំពេច​ដែរ

21 តើ​ត្រូវ​ឲ្យ​ខ្ញុំ​មើល​ឃើញ​ទង់‌ជ័យ ហើយ​ឮ​សូរ​ត្រែ​ដល់​កាល​ណា​ទៀត

22 ពិត​ប្រាកដ​ជា​រាស្ត្រ​របស់​អញ​គេ​ល្ងី‌ល្ងើ គេ​មិន​ស្គាល់​អញ​សោះ គេ​សុទ្ធ​តែ​ជា​កូន​វង្វេង‌វង្វាន់ ឥត​មាន​យោបល់​ឡើយ គេ​មាន​ប្រាជ្ញា​ខាង​ឯ​ផ្លូវ​ប្រព្រឹត្ត​អាក្រក់ តែ​គ្មាន​ចំណេះ​ខាង​ឯ​ការ​ល្អ​សោះ។

23 ខ្ញុំ​បាន​ពិចារណា​មើល​ផែនដី ឃើញ​ថា​ខូច ហើយ​នៅ​ទទេ រួច​មើល​ទៅ​លើ​មេឃ នោះ​ក៏​ឥត​មាន​ពន្លឺ​ដែរ