1 នេះជាព្រះបន្ទូល ដែលមកពីព្រះយេហូវ៉ា ដល់យេរេមា ក្រោយដែលនេប៊ូសារ៉ាដាន ជាមេទ័ពធំ បានលែងលោកនៅត្រង់រ៉ាម៉ាហើយ ក្នុងកាលដែលគេបានចាប់លោកដាក់ច្រវាក់ ជាមួយនឹងពួកក្រុងយេរូសាឡិម និងពួកស្រុកយូដាទាំងប៉ុន្មាន ដែលគេដឹកនាំជាឈ្លើយទៅឯស្រុកបាប៊ីឡូននោះ
2 មេទ័ពធំក៏យកយេរេមាមកនិយាយថា ព្រះយេហូវ៉ា ជាព្រះនៃអ្នក ទ្រង់បានប្រកាសសេចក្តីអាក្រក់នេះទំលាក់លើទីនេះ
3 ហើយព្រះយេហូវ៉ាបាននាំការនេះមក ព្រមទាំងសំរេចតាមព្រះបន្ទូលទ្រង់ផង ពីព្រោះឯងរាល់គ្នាបានធ្វើបាបនឹងទ្រង់ ហើយមិនបានស្តាប់តាមព្រះបន្ទូលទ្រង់ឡើយ ហេតុនោះបានជាការនេះកើតដល់ឯងរាល់គ្នា
4 ដូច្នេះមើល នៅថ្ងៃនេះខ្ញុំដោះច្រវាក់ពីដៃអ្នកចេញ បើសិនជាអ្នកចូលចិត្តទៅឯស្រុកបាប៊ីឡូនជាមួយនឹងខ្ញុំ ក៏ចូលមកចុះ ខ្ញុំនឹងទំនុកបំរុងអ្នកដោយល្អ តែបើមិនគាប់ចិត្តនឹងទៅឯស្រុកបាប៊ីឡូនជាមួយនឹងខ្ញុំទេ នោះតាមតែចិត្តចុះ មើល ស្រុកទាំងមូលនៅមុខអ្នកហើយ នៅកន្លែងណាដែលអ្នកគិតឃើញថាស្រួល ហើយគួរឲ្យអ្នកទៅ នោះឲ្យអ្នកទៅចុះ
5 រីឯកាលលោកកំពុងកន្ទះរានៅឡើយ នោះមេទ័ពធំប្រាប់ថា ចូរអ្នកវិលទៅឯកេដាលាជាកូនអ័ហ៊ីកាម ដែលជាកូនសាផាន ជាអ្នកដែលស្តេចបាប៊ីឡូនបានតាំង ឲ្យត្រួតត្រាលើទីក្រុងស្រុកយូដាទាំងប៉ុន្មាន ហើយឲ្យនៅជាមួយនឹងលោកកណ្តាលបណ្តាជនចុះ ឬឲ្យទៅឯកន្លែងណា តាមដែលចិត្តគិតឃើញថាគួរនោះមេទ័ពធំ ក៏ចែកស្បៀងអាហារឲ្យ ព្រមទាំងឲ្យរង្វាន់រួចលែងឲ្យទៅ
6 ដូច្នេះ យេរេមាក៏ទៅឯកេដាលា ជាកូនអ័ហ៊ីកាមនៅត្រង់មីសប៉ា ហើយអាស្រ័យនៅជាមួយ នៅកណ្តាលបណ្តាជនដែលសល់នៅក្នុងស្រុក។