យេរេមា 40:1-7 KHOV

1 នេះ​ជា​ព្រះ‌បន្ទូល ដែល​មក​ពី​ព្រះ‌យេហូវ៉ា ដល់​យេរេមា ក្រោយ​ដែល​នេប៊ូសា‌រ៉ាដាន ជា​មេ‌ទ័ព​ធំ បាន​លែង​លោក​នៅ​ត្រង់​រ៉ាម៉ា​ហើយ ក្នុង​កាល​ដែល​គេ​បាន​ចាប់​លោក​ដាក់​ច្រវាក់ ជា​មួយ​នឹង​ពួក​ក្រុង​យេរូ‌សាឡិម និង​ពួក​ស្រុក​យូដា​ទាំង​ប៉ុន្មាន ដែល​គេ​ដឹក‌នាំ​ជា​ឈ្លើយ​ទៅ​ឯ​ស្រុក​បាប៊ីឡូន​នោះ

2 មេ‌ទ័ព​ធំ​ក៏​យក​យេរេមា​មក​និយាយ​ថា ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​អ្នក ទ្រង់​បាន​ប្រកាស​សេចក្តី​អាក្រក់​នេះ​ទំលាក់​លើ​ទី​នេះ

3 ហើយ​ព្រះ‌យេហូវ៉ា​បាន​នាំ​ការ​នេះ​មក ព្រម​ទាំង​សំរេច​តាម​ព្រះ‌បន្ទូល​ទ្រង់​ផង ពី​ព្រោះ​ឯង​រាល់​គ្នា​បាន​ធ្វើ​បាប​នឹង​ទ្រង់ ហើយ​មិន​បាន​ស្តាប់​តាម​ព្រះ‌បន្ទូល​ទ្រង់​ឡើយ ហេតុ​នោះ​បាន​ជា​ការ​នេះ​កើត​ដល់​ឯង​រាល់​គ្នា

4 ដូច្នេះ​មើល នៅ​ថ្ងៃ​នេះ​ខ្ញុំ​ដោះ​ច្រវាក់​ពី​ដៃ​អ្នក​ចេញ បើ​សិន​ជា​អ្នក​ចូល​ចិត្ត​ទៅ​ឯ​ស្រុក​បាប៊ីឡូន​ជា​មួយ​នឹង​ខ្ញុំ ក៏​ចូល​មក​ចុះ ខ្ញុំ​នឹង​ទំនុក‌បំរុង​អ្នក​ដោយ​ល្អ តែ​បើ​មិន​គាប់​ចិត្ត​នឹង​ទៅ​ឯ​ស្រុក​បាប៊ីឡូន​ជា​មួយ​នឹង​ខ្ញុំ​ទេ នោះ​តាម​តែ​ចិត្ត​ចុះ មើល ស្រុក​ទាំង​មូល​នៅ​មុខ​អ្នក​ហើយ នៅ​កន្លែង​ណា​ដែល​អ្នក​គិត​ឃើញ​ថា​ស្រួល ហើយ​គួរ​ឲ្យ​អ្នក​ទៅ នោះ​ឲ្យ​អ្នក​ទៅ​ចុះ

5 រីឯ​កាល​លោក​កំពុង​កន្ទះ​រា​នៅ​ឡើយ នោះ​មេ‌ទ័ព​ធំ​ប្រាប់​ថា ចូរ​អ្នក​វិល​ទៅ​ឯ​កេដាលា​ជា​កូន​អ័ហ៊ី‌កាម ដែល​ជា​កូន​សាផាន ជា​អ្នក​ដែល​ស្តេច​បាប៊ីឡូន​បាន​តាំង ឲ្យ​ត្រួត‌ត្រា​លើ​ទី​ក្រុង​ស្រុក​យូដា​ទាំង​ប៉ុន្មាន ហើយ​ឲ្យ​នៅ​ជា​មួយ​នឹង​លោក​កណ្តាល​បណ្តា‌ជន​ចុះ ឬ​ឲ្យ​ទៅ​ឯ​កន្លែង​ណា តាម​ដែល​ចិត្ត​គិត​ឃើញ​ថា​គួរ​នោះ​មេ‌ទ័ព​ធំ ក៏​ចែក​ស្បៀង​អាហារ​ឲ្យ ព្រម​ទាំង​ឲ្យ​រង្វាន់​រួច​លែង​ឲ្យ​ទៅ

6 ដូច្នេះ យេរេមា​ក៏​ទៅ​ឯ​កេដាលា ជា​កូន​អ័ហ៊ី‌កាម​នៅ​ត្រង់​មីសប៉ា ហើយ​អាស្រ័យ​នៅ​ជា​មួយ នៅ​កណ្តាល​បណ្តា‌ជន​ដែល​សល់​នៅ​ក្នុង​ស្រុក។

7 រីឯ​ពួក​មេ‌ទ័ព​ទាំង​ប៉ុន្មាន ដែល​ពួន​នៅ​ស្រុក​ស្រែ​ចំការ ព្រម​ទាំង​ពួក​ទាហាន​របស់​គេ កាល​បាន​ឮ​ថា ស្តេច​បាប៊ីឡូន​បាន​តាំង​កេដាលា ជា​កូន​អ័ហ៊ី‌កាម​ឡើង​ជា​ចៅ‌ហ្វាយ​លើ​ស្រុក ហើយ​បាន​ផ្ទុក‌ផ្តាក់​មនុស្ស​ទាំង​ប្រុស​ទាំង​ស្រី និង​កូន​ក្មេង​ជា​អ្នក​ក្រីក្រ​បំផុត​ក្នុង​ស្រុក ដែល​មិន​បាន​ដឹក​ទៅ​ជា​ឈ្លើយ ដល់​ស្រុក​បាប៊ីឡូន ឲ្យ​នៅ​ក្នុង​អំណាច​លោក