យេរេមា 40:4-10 KHOV

4 ដូច្នេះ​មើល នៅ​ថ្ងៃ​នេះ​ខ្ញុំ​ដោះ​ច្រវាក់​ពី​ដៃ​អ្នក​ចេញ បើ​សិន​ជា​អ្នក​ចូល​ចិត្ត​ទៅ​ឯ​ស្រុក​បាប៊ីឡូន​ជា​មួយ​នឹង​ខ្ញុំ ក៏​ចូល​មក​ចុះ ខ្ញុំ​នឹង​ទំនុក‌បំរុង​អ្នក​ដោយ​ល្អ តែ​បើ​មិន​គាប់​ចិត្ត​នឹង​ទៅ​ឯ​ស្រុក​បាប៊ីឡូន​ជា​មួយ​នឹង​ខ្ញុំ​ទេ នោះ​តាម​តែ​ចិត្ត​ចុះ មើល ស្រុក​ទាំង​មូល​នៅ​មុខ​អ្នក​ហើយ នៅ​កន្លែង​ណា​ដែល​អ្នក​គិត​ឃើញ​ថា​ស្រួល ហើយ​គួរ​ឲ្យ​អ្នក​ទៅ នោះ​ឲ្យ​អ្នក​ទៅ​ចុះ

5 រីឯ​កាល​លោក​កំពុង​កន្ទះ​រា​នៅ​ឡើយ នោះ​មេ‌ទ័ព​ធំ​ប្រាប់​ថា ចូរ​អ្នក​វិល​ទៅ​ឯ​កេដាលា​ជា​កូន​អ័ហ៊ី‌កាម ដែល​ជា​កូន​សាផាន ជា​អ្នក​ដែល​ស្តេច​បាប៊ីឡូន​បាន​តាំង ឲ្យ​ត្រួត‌ត្រា​លើ​ទី​ក្រុង​ស្រុក​យូដា​ទាំង​ប៉ុន្មាន ហើយ​ឲ្យ​នៅ​ជា​មួយ​នឹង​លោក​កណ្តាល​បណ្តា‌ជន​ចុះ ឬ​ឲ្យ​ទៅ​ឯ​កន្លែង​ណា តាម​ដែល​ចិត្ត​គិត​ឃើញ​ថា​គួរ​នោះ​មេ‌ទ័ព​ធំ ក៏​ចែក​ស្បៀង​អាហារ​ឲ្យ ព្រម​ទាំង​ឲ្យ​រង្វាន់​រួច​លែង​ឲ្យ​ទៅ

6 ដូច្នេះ យេរេមា​ក៏​ទៅ​ឯ​កេដាលា ជា​កូន​អ័ហ៊ី‌កាម​នៅ​ត្រង់​មីសប៉ា ហើយ​អាស្រ័យ​នៅ​ជា​មួយ នៅ​កណ្តាល​បណ្តា‌ជន​ដែល​សល់​នៅ​ក្នុង​ស្រុក។

7 រីឯ​ពួក​មេ‌ទ័ព​ទាំង​ប៉ុន្មាន ដែល​ពួន​នៅ​ស្រុក​ស្រែ​ចំការ ព្រម​ទាំង​ពួក​ទាហាន​របស់​គេ កាល​បាន​ឮ​ថា ស្តេច​បាប៊ីឡូន​បាន​តាំង​កេដាលា ជា​កូន​អ័ហ៊ី‌កាម​ឡើង​ជា​ចៅ‌ហ្វាយ​លើ​ស្រុក ហើយ​បាន​ផ្ទុក‌ផ្តាក់​មនុស្ស​ទាំង​ប្រុស​ទាំង​ស្រី និង​កូន​ក្មេង​ជា​អ្នក​ក្រីក្រ​បំផុត​ក្នុង​ស្រុក ដែល​មិន​បាន​ដឹក​ទៅ​ជា​ឈ្លើយ ដល់​ស្រុក​បាប៊ីឡូន ឲ្យ​នៅ​ក្នុង​អំណាច​លោក

8 នោះ​គេ​ក៏​មក​ឯ​កេដាលា ត្រង់​មីសប៉ា គឺ​មាន​អ៊ីស‌ម៉ា‌អែល ជា​កូន​នេថានា យ៉ូហា‌ណាន និង​យ៉ូណា‌ថាន​ជា​កូន​ការា សេរ៉ាយ៉ា ជា​កូន​ថាន‌ហ៊ូមែត និង​ពួក​កូន​របស់​អេផាយ ពី​ស្រុក​នថូផា ហើយ​យេសានា ជា​កូន​របស់​ម្នាក់​នៅ​ម៉ាកាធី ព្រម​ទាំង​ពួក​ទាហាន​របស់​គេ​ផង

9 នោះ​កេដាលា ជា​កូន​អ័ហ៊ី‌កាម ដែល​ជា​កូន​សាផាន ក៏​ស្បថ​នឹង​មេ‌ទ័ព​ទាំង​នោះ ហើយ​នឹង​ទាហាន​របស់​គេ ដោយ​ពាក្យ​ថា កុំ​ឲ្យ​ខ្លាច​នឹង​បំរើ​ពួក​ខាល់ដេ​ឡើយ ចូរ​អាស្រ័យ​នៅ​ក្នុង​ស្រុក​នេះ ហើយ​បំរើ​ដល់​ស្តេច​បាប៊ីឡូន​ចុះ នោះ​អ្នក​រាល់​គ្នា​នឹង​បាន​សេចក្តី​សុខ

10 ឯ​ចំណែក​ខ្ញុំ មើល ខ្ញុំ​នឹង​នៅ​ត្រង់​មីសប៉ា ដើម្បី​នឹង​ធ្វើ​ជា​អ្នក​ដំណាង នៅ​មុខ​ពួក​ខាល់ដេ​ណា ដែល​នឹង​មក​ឯ​យើង​រាល់​គ្នា តែ​អ្នក​រាល់​គ្នា​វិញ ចូរ​ទៅ​ប្រមូល​ផល​ទំពាំង‌បាយ‌ជូរ និង​ផល​រដូវ​ក្តៅ ព្រម​ទាំង​ប្រេង​ដាក់​ទុក ក្នុង​ភាជនៈ​របស់​អ្នក​រាល់​គ្នា​ទៅ ហើយ​ឲ្យ​នៅ​ក្នុង​ទី​ក្រុង​ទាំង​ប៉ុន្មាន ដែល​អ្នក​រាល់​គ្នា​ចាប់​បាន​នោះ