9 នោះកេដាលា ជាកូនអ័ហ៊ីកាម ដែលជាកូនសាផាន ក៏ស្បថនឹងមេទ័ពទាំងនោះ ហើយនឹងទាហានរបស់គេ ដោយពាក្យថា កុំឲ្យខ្លាចនឹងបំរើពួកខាល់ដេឡើយ ចូរអាស្រ័យនៅក្នុងស្រុកនេះ ហើយបំរើដល់ស្តេចបាប៊ីឡូនចុះ នោះអ្នករាល់គ្នានឹងបានសេចក្តីសុខ
10 ឯចំណែកខ្ញុំ មើល ខ្ញុំនឹងនៅត្រង់មីសប៉ា ដើម្បីនឹងធ្វើជាអ្នកដំណាង នៅមុខពួកខាល់ដេណា ដែលនឹងមកឯយើងរាល់គ្នា តែអ្នករាល់គ្នាវិញ ចូរទៅប្រមូលផលទំពាំងបាយជូរ និងផលរដូវក្តៅ ព្រមទាំងប្រេងដាក់ទុក ក្នុងភាជនៈរបស់អ្នករាល់គ្នាទៅ ហើយឲ្យនៅក្នុងទីក្រុងទាំងប៉ុន្មាន ដែលអ្នករាល់គ្នាចាប់បាននោះ
11 មួយទៀត ពួកយូដាទាំងប៉ុន្មាន ដែលនៅស្រុកម៉ូអាប់ និងនៅកណ្តាលពួកកូនចៅអាំម៉ូន ហើយនៅស្រុកអេដំម ព្រមទាំងនៅគ្រប់ទាំងស្រុកផ្សេងៗទៀតផង កាលបានឮថា ស្តេចបាប៊ីឡូនបានទុកសំណល់ពួកយូដាឲ្យសល់នៅ ហើយបានតាំងកេដាលា ជាកូនអ័ហ៊ីកាមដែលជាកូនសាផាន ឲ្យត្រួតត្រាលើគេ
12 នោះពួកយូដាទាំងនោះ ក៏ចេញពីគ្រប់ទីកន្លែងដែលគេត្រូវបណ្តេញទៅវិលមកក្នុងស្រុកយូដា ដល់កេដាលាត្រង់មីសប៉ា ហើយគេក៏ប្រមូលផលទំពាំងបាយជូរ និងផលរដូវក្តៅជាច្រើនណាស់។
13 រីឯយ៉ូហាណាន ជាកូនការា និងពួកមេទ័ពទាំងប៉ុន្មាន ដែលពួននៅស្រុកស្រែចំការ គេក៏មកឯកេដាលានៅត្រង់មីសប៉ា
14 គេជំរាបលោកថា តើលោកជ្រាបឬទេថា ប្អាលីស ជាស្តេចពួកកូនចៅអាំម៉ូន បានចាត់អ៊ីសម៉ាអែល ជាកូននេថានា ឲ្យមកសំឡាប់លោក តែកេដាលា ជាកូនអ័ហ៊ីកាមមិនជឿគេទេ
15 គ្រានោះយ៉ូហាណាន ជាកូនការា ក៏ពិគ្រោះនឹងកេដាលា ដោយសំងាត់នៅត្រង់មីសប៉ាថា សូមអនុញ្ញាតឲ្យខ្ញុំទៅចុះ នោះខ្ញុំនឹងសំឡាប់អ៊ីសម៉ាអែល ជាកូននេថានាបង់ ឥតឲ្យអ្នកណាដឹងឡើយ នឹងទុកឲ្យវាមកសំឡាប់លោកធ្វើអ្វី យ៉ាងនោះពួកយូដាទាំងប៉ុន្មាន ដែលបានមូលមកឯលោក គេនឹងត្រូវខ្ចាត់ខ្ចាយទៅ ហើយសំណល់ពួកយូដានឹងត្រូវវិនាសបង់