យេរេមា 41:1-7 KHOV

1 លុះ​ដល់​ខែ​អស្សុជ នោះ​អ៊ីស‌ម៉ា‌អែល ជា​កូន​នេថានា ដែល​ជា​កូន​អេលីសាម៉ា ក្នុង​វង្សា​ស្តេច ហើយ​ជា​នាយក​ធំ​ម្នាក់​របស់​ស្តេច ព្រម​ទាំង​១០​នាក់​ឯ​ទៀត ក៏​មក​ឯ​កេដាលា​ជា​កូន​អ័ហ៊ី‌កាម នៅ​ត្រង់​មីសប៉ា ហើយ​គេ​បាន​បរិភោគ​អាហារ​ជា​មួយ​គ្នា​នៅ​ទី​នោះ

2 រួច​អ៊ីស‌ម៉ា‌អែល ជា​កូន​នេថានា និង​១០​នាក់​ដែល​នៅ​ជា​មួយ ក៏​ក្រោក​ឡើង​ប្រហារ​កេដាលា ជា​កូន​អ័ហ៊ី‌កាម ដែល​ជា​កូន​សាផាន​ដោយ​ដាវ​ទៅ គឺ​គេ​សំឡាប់​អ្នក​ដែល​ស្តេច​បាប៊ីឡូន​បាន​តាំង​ឡើង ធ្វើ​ជា​ចៅ‌ហ្វាយ​លើ​ស្រុក​នោះ

3 អ៊ីស‌ម៉ា‌អែល​ក៏​សំឡាប់​ពួក​យូដា​ទាំង​អស់ ដែល​នៅ​ជា​មួយ​នឹង​កេដាលា​ត្រង់​មីសប៉ា​ដែរ ព្រម​ទាំង​ពួក​ខាល់ដេ ជា​ទាហាន​ដែល​នៅ​ទី​នោះ​ផង។

4 ដល់​កន្លង​បាន​២​ថ្ងៃ​ក្រោយ ដែល​សំឡាប់​កេដាលា​ហើយ ឥត​មាន​អ្នក​ណា​ដឹង​សោះ

5 នោះ​មាន​មនុស្ស​មក​ពី​ស៊ីគែម ស៊ីឡូរ និង​សាម៉ារី ចំនួន​៨០​នាក់ គេ​បាន​កោរ​ពុក‌ចង្កា ព្រម​ទាំង​ហែក​អាវ ហើយ​អារ​សាច់​ខ្លួន ក៏​កាន់​ដង្វាយ​ម្សៅ និង​កំញាន ដើម្បី​នាំ​យក​ទៅ​ឯ​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា

6 ឯ​អ៊ីស‌ម៉ា‌អែល ជា​កូន​នេថានា ក៏​ចេញ​ពី​មីសប៉ា​ទៅ​ទទួល​គេ​ទាំង​យំ​បណ្តើរ កាល​បាន​ទៅ​ដល់​គេ​ហើយ នោះ​ក៏​និយាយ​ថា សូម​ទៅ​ឯ​កេដាលា ជា​កូន​អ័ហ៊ី‌កាម

7 រួច​កាល​គេ​បាន​ចូល​ទៅ​ក្នុង​ទី​ក្រុង​ហើយ នោះ​អ៊ីស‌ម៉ា‌អែល ជា​កូន​នេថានា នឹង​ពួក​អ្នក​ដែល​នៅ​ជា​មួយ​ក៏​សំឡាប់​គេ​បោះ​ចោល​ទៅ​ក្នុង​រណ្តៅ