8 ប៉ុន្តែមាន១០នាក់ក្នុងពួកគេ ដែលអង្វរដល់អ៊ីសម៉ាអែលថា សូមកុំសំឡាប់យើងខ្ញុំឡើយ ពីព្រោះយើងខ្ញុំមានស្បៀងអាហារ ជាស្រូវសាលី ស្រូវឱក ប្រេង និងទឹកឃ្មុំកប់ទុកនៅចំការ ដូច្នេះអ៊ីសម៉ាអែលក៏អាក់ខាន មិនបានសំឡាប់អ្នកទាំងនោះ ជាមួយនឹងបងប្អូនគេទេ
9 រីឯរណ្តៅដែលអ៊ីសម៉ាអែលបោះចោលអស់ទាំងសាកសពនៃមនុស្ស ដែលបានសំឡាប់ទៅជាមួយនឹងកេដាលា នោះគឺជារណ្តៅដែលស្តេចអេសាបានជីក ដោយខ្លាចប្អាសា ជាស្តេចស្រុកអ៊ីស្រាអែល ឯអ៊ីសម៉ាអែល ជាកូននេថានា ក៏បំពេញរណ្តៅ ដោយសពរបស់មនុស្សដែលបានសំឡាប់នោះ
10 អ៊ីសម៉ាអែលក៏ចាប់យកសំណល់បណ្តាជន ដែលនៅមីសប៉ា នាំទៅជាឈ្លើយ គឺទាំងបុត្រីស្តេចទាំងប៉ុន្មាន និងជនទាំងឡាយដែលសល់នៅត្រង់មីសប៉ា ជាពួកអ្នកដែលនេប៊ូសារ៉ាដានមេទ័ពធំបានផ្ទុកផ្តាក់ដល់កេដាលា ជាកូនអ័ហ៊ីកាម នោះអ៊ីសម៉ាអែល ជាកូននេថានា ក៏ដឹកនាំគេទៅជាឈ្លើយទាំងអស់ រួចចេញដំណើរទៅ ដើម្បីនឹងឆ្លងទៅឯពួកកូនចៅអាំម៉ូន។
11 កាលយ៉ូហាណាន ជាកូនការា និងពួកមេទ័ពទាំងប៉ុន្មានដែលនៅជាមួយ បានឮនិយាយពីអស់ទាំងការអាក្រក់ ដែលអ៊ីសម៉ាអែល ជាកូននេថានាបានធ្វើ
12 នោះគេក៏នាំពួកទាហានរបស់ខ្លួនទាំងអស់ លើកចេញទៅច្បាំងនឹងអ៊ីសម៉ាអែល ជាកូននេថានា ក៏ប្រទះគ្នាត្រង់ស្រះធំនៅគីបៀន
13 រីឯពួកជនទាំងឡាយ ដែលនៅជាមួយនឹងអ៊ីសម៉ាអែល កាលបានឃើញយ៉ូហាណាន ជាកូនការា និងពួកមេទ័ពដែលនៅជាមួយហើយ នោះគេមានចិត្តអរណាស់
14 ដូច្នេះ ពួកជនដែលអ៊ីសម៉ាអែលបានចាប់ពីមីសប៉ាដឹកនាំទៅជាឈ្លើយទាំងប៉ុន្មាន គេក៏វិលត្រឡប់មកខាងយ៉ូហាណាន ជាកូនការាវិញ