11 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា កុំឲ្យខ្លាចចំពោះស្តេចបាប៊ីឡូន ដែលឯងរាល់គ្នាកំពុងតែខ្លាចនោះ កុំឲ្យខ្លាចគេឡើយ ដ្បិតអញនៅជាមួយ ដើម្បីនឹងជួយសង្គ្រោះឯងរាល់គ្នា ហើយនឹងដោះឯងរាល់គ្នា ឲ្យរួចពីកណ្តាប់ដៃរបស់គេ
12 អញនឹងប្រោសមេត្តាដល់ឯងរាល់គ្នា ដើម្បីឲ្យគេបានអាណិតឯង ហើយឲ្យត្រឡប់ទៅឯស្រុករបស់ឯងរៀងខ្លួនវិញ
13 តែបើឯងរាល់គ្នាថា យើងខ្ញុំមិនព្រមនៅជាប់ក្នុងស្រុកនេះតទៅទេ គឺឯងរាល់គ្នាមិនព្រមស្តាប់តាមព្រះបន្ទូលរបស់ព្រះយេហូវ៉ា ជាព្រះនៃឯង
14 ដោយថា ទេ យើងរាល់គ្នានឹងទៅនៅឯស្រុកអេស៊ីព្ទវិញ ជាកន្លែងដែលយើងខ្ញុំនឹងមិនឃើញចំបាំងទៀត ក៏មិនឮសូរត្រែ ឬត្រូវអត់ឃ្លានឡើយ គឺនៅទីនោះដែលយើងខ្ញុំនឹងអាស្រ័យនៅវិញ
15 ដូច្នេះ ឱសំណល់ពួកយូដាអើយ ចូរស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ាឥឡូវចុះ ព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលដូច្នេះ បើឯងរាល់គ្នាកាត់ចិត្តនឹងទៅឯស្រុកអេស៊ីព្ទជាពិត ហើយក៏ទៅអាស្រ័យនៅឯនោះ
16 យ៉ាងនោះ ដាវដែលឯងរាល់គ្នាខ្លាចនោះនឹងតាមឯងទាន់ នៅក្នុងស្រុកអេស៊ីព្ទ ហើយអំណត់អត់ដែលឯងរាល់គ្នាខ្លាចដែរ នឹងជាប់ប្រកិតតាមឯងរាល់គ្នា ទៅក្នុងស្រុកអេស៊ីព្ទនោះឯង ហើយឯងរាល់គ្នានឹងត្រូវស្លាប់នៅទីនោះ
17 ឯអស់អ្នកដែលកាត់ចិត្តនឹងទៅអាស្រ័យ នៅក្នុងស្រុកអេស៊ីព្ទ នោះនឹងបានដូច្នោះ គឺគេនឹងស្លាប់ដោយដាវ ដោយអំណត់អត់ និងអាសន្នរោគ ឥតមានពួកគេណាមួយសល់នៅ ឬរួចពីការអាក្រក់ ដែលអញនឹងនាំមកលើគេនោះឡើយ។