14 ដោយថា ទេ យើងរាល់គ្នានឹងទៅនៅឯស្រុកអេស៊ីព្ទវិញ ជាកន្លែងដែលយើងខ្ញុំនឹងមិនឃើញចំបាំងទៀត ក៏មិនឮសូរត្រែ ឬត្រូវអត់ឃ្លានឡើយ គឺនៅទីនោះដែលយើងខ្ញុំនឹងអាស្រ័យនៅវិញ
15 ដូច្នេះ ឱសំណល់ពួកយូដាអើយ ចូរស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ាឥឡូវចុះ ព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលដូច្នេះ បើឯងរាល់គ្នាកាត់ចិត្តនឹងទៅឯស្រុកអេស៊ីព្ទជាពិត ហើយក៏ទៅអាស្រ័យនៅឯនោះ
16 យ៉ាងនោះ ដាវដែលឯងរាល់គ្នាខ្លាចនោះនឹងតាមឯងទាន់ នៅក្នុងស្រុកអេស៊ីព្ទ ហើយអំណត់អត់ដែលឯងរាល់គ្នាខ្លាចដែរ នឹងជាប់ប្រកិតតាមឯងរាល់គ្នា ទៅក្នុងស្រុកអេស៊ីព្ទនោះឯង ហើយឯងរាល់គ្នានឹងត្រូវស្លាប់នៅទីនោះ
17 ឯអស់អ្នកដែលកាត់ចិត្តនឹងទៅអាស្រ័យ នៅក្នុងស្រុកអេស៊ីព្ទ នោះនឹងបានដូច្នោះ គឺគេនឹងស្លាប់ដោយដាវ ដោយអំណត់អត់ និងអាសន្នរោគ ឥតមានពួកគេណាមួយសល់នៅ ឬរួចពីការអាក្រក់ ដែលអញនឹងនាំមកលើគេនោះឡើយ។
18 ពីព្រោះ ព្រះយេហូវ៉ា នៃពួកពលបរិវារ ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលដូច្នេះថា សេចក្តីកំហឹង និងសេចក្តីក្រោធរបស់អញ ដែលបានចាក់ចេញទៅលើពួកអ្នក នៅក្រុងយេរូសាឡិមជាយ៉ាងណា នោះសេចក្តីក្រោធរបស់អញ នឹងត្រូវចាក់ចេញ លើឯងរាល់គ្នាយ៉ាងនោះដែរ គឺក្នុងកាលដែលចូលទៅក្នុងស្រុកអេស៊ីព្ទនោះ នៅស្រុកនោះឯងរាល់គ្នានឹងត្រឡប់ទៅជាទីត្មះតិះដៀល ជាទីស្រឡាំងកាំង ជាទីផ្តាសា ហើយជាទីជេរប្រមាថ ឯងរាល់គ្នានឹងមិនបានឃើញទីនេះទៀតឡើយ
19 ឱសំណល់នៃពួកយូដាអើយ ព្រះយេហូវ៉ា ទ្រង់មានព្រះបន្ទូល ពីដំណើរឯងរាល់គ្នាថា នៅថ្ងៃនេះខ្ញុំបានធ្វើបន្ទាល់ដល់អ្នករាល់គ្នាហើយ
20 ដ្បិតអ្នករាល់គ្នាបានបញ្ឆោតចិត្តខ្លួន ពីព្រោះអ្នករាល់គ្នាបានចាត់ខ្ញុំឲ្យទៅឯព្រះយេហូវ៉ា ជាព្រះនៃអ្នករាល់គ្នា ដោយពាក្យថា សូមអធិស្ឋានដល់ព្រះយេហូវ៉ា ជាព្រះនៃយើងរាល់គ្នាឲ្យយើងផង ហើយសូមប្រាប់មកយើង តាមគ្រប់ទាំងសេចក្តីដែលព្រះយេហូវ៉ា ជាព្រះនៃយើង ទ្រង់នឹងមានព្រះបន្ទូលមក នោះយើងនឹងប្រព្រឹត្តតាម