10 ដរាបដល់សព្វថ្ងៃនេះ ឯងរាល់គ្នាមិនទាន់បន្ទាបខ្លួននៅឡើយ ក៏មិនបានកោតខ្លាច ឬប្រព្រឹត្តតាមក្រឹត្យវិន័យ និងបញ្ញត្តច្បាប់របស់អញ ដែលអញបានដាក់នៅមុខឯងរាល់គ្នា និងពួកព្ធយុកោរបស់ឯងរាល់គ្នាផង។
11 ហេតុនោះ ព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលដូច្នេះថា មើលអញនឹងតាំងមុខទាស់នឹងឯងរាល់គ្នា សំរាប់ជាការអាក្រក់ គឺដើម្បីនឹងកាត់ពួកយូដាទាំងអស់ចេញ
12 អញនឹងចាប់យកសំណល់ពួកយូដា ដែលបានតាំងចិត្តនឹងទៅអាស្រ័យនៅឯស្រុកអេស៊ីព្ទ ឲ្យគេវិនាសអស់រលីងទៅ គឺគេនឹងដួលនៅក្នុងស្រុកអេស៊ីព្ទ គេនឹងសូន្យទៅដោយដាវ និងអំណត់អត់ គេនឹងស្លាប់ទៅ ចាប់តាំងពីអ្នកតូចបំផុតរហូតដល់អ្នកធំបំផុត ដោយសារដាវ និងអំណត់អត់ នោះគេនឹងត្រឡប់ជាទីត្មះតិះដៀល ជាទីស្រឡាំងកាំង និងជាទីផ្តាសា ហើយជាទីប្រមាថមើលងាយ
13 ដ្បិតអញនឹងធ្វើទោសដល់ពួកអ្នក ដែលស្នាក់នៅក្នុងស្រុកអេស៊ីព្ទនេះដូចជាអញបានធ្វើទោសដល់ក្រុងយេរូសាឡិម ដោយដាវអំណត់អត់ និងអាសន្នរោគដែរ
14 ដល់ម៉្លេះបានជាក្នុងសំណល់ពួកយូដា ដែលបានមកអាស្រ័យនៅក្នុងស្រុកអេស៊ីព្ទ នោះនឹងគ្មានអ្នកណាមួយរួចខ្លួន ឬសល់នៅ ដើម្បីនឹងវិលទៅក្នុងស្រុកយូដា ដែលគេប្រាថ្នាចង់ត្រឡប់ទៅអាស្រ័យនៅនោះឡើយ ដ្បិតនឹងគ្មានអ្នកណាវិលទៅវិញសោះ លើកតែពួកអ្នកដែលនឹងរត់រួចបានប៉ុណ្ណោះ។
15 ឯបណ្តាមនុស្សទាំងប៉ុន្មានដែលដឹងថា ប្រពន្ធខ្លួនធ្លាប់ដុតកំញានថ្វាយដល់ព្រះដទៃ និងពួកស្រីៗទាំងអស់ដែលឈរនៅទីនោះ ជាជំនុំយ៉ាងធំ គឺបណ្តាមនុស្សដែលអាស្រ័យនៅត្រង់ប៉ាត្រូសក្នុងស្រុកអេស៊ីព្ទ គេឆ្លើយដល់យេរេមាថា
16 ឯពាក្យដែលលោកបានប្រាប់មកយើងដោយនូវព្រះនាមព្រះយេហូវ៉ានោះ យើងមិនព្រមស្តាប់តាមទេ