13 ដ្បិតអញនឹងធ្វើទោសដល់ពួកអ្នក ដែលស្នាក់នៅក្នុងស្រុកអេស៊ីព្ទនេះដូចជាអញបានធ្វើទោសដល់ក្រុងយេរូសាឡិម ដោយដាវអំណត់អត់ និងអាសន្នរោគដែរ
14 ដល់ម៉្លេះបានជាក្នុងសំណល់ពួកយូដា ដែលបានមកអាស្រ័យនៅក្នុងស្រុកអេស៊ីព្ទ នោះនឹងគ្មានអ្នកណាមួយរួចខ្លួន ឬសល់នៅ ដើម្បីនឹងវិលទៅក្នុងស្រុកយូដា ដែលគេប្រាថ្នាចង់ត្រឡប់ទៅអាស្រ័យនៅនោះឡើយ ដ្បិតនឹងគ្មានអ្នកណាវិលទៅវិញសោះ លើកតែពួកអ្នកដែលនឹងរត់រួចបានប៉ុណ្ណោះ។
15 ឯបណ្តាមនុស្សទាំងប៉ុន្មានដែលដឹងថា ប្រពន្ធខ្លួនធ្លាប់ដុតកំញានថ្វាយដល់ព្រះដទៃ និងពួកស្រីៗទាំងអស់ដែលឈរនៅទីនោះ ជាជំនុំយ៉ាងធំ គឺបណ្តាមនុស្សដែលអាស្រ័យនៅត្រង់ប៉ាត្រូសក្នុងស្រុកអេស៊ីព្ទ គេឆ្លើយដល់យេរេមាថា
16 ឯពាក្យដែលលោកបានប្រាប់មកយើងដោយនូវព្រះនាមព្រះយេហូវ៉ានោះ យើងមិនព្រមស្តាប់តាមទេ
17 គឺយើងនឹងប្រព្រឹត្តតាមតែពាក្យទាំងប៉ុន្មាន ដែលចេញពីមាត់យើងវិញ ដើម្បីនឹងដុតកំញានថ្វាយដល់ព្រះចន្ទ ហើយនឹងច្រួចដង្វាយច្រួចថ្វាយទ្រង់ដែរ ដូចជាយើងបានធ្លាប់ធ្វើមកហើយ ទោះទាំងខ្លួនយើង ពួកព្ធយុកោយើង និងពួកស្តេច ហើយពួកចៅហ្វាយរបស់យើង នៅក្នុងទីក្រុងទាំងប៉ុន្មានរបស់ស្រុកយូដា ហើយនៅអស់ទាំងផ្លូវរបស់ក្រុងយេរូសាឡិមផង ដ្បិតនៅគ្រានោះ យើងមានអាហារជាបរិបូរ ហើយក៏នៅដោយសប្បាយ ឥតឃើញសេចក្តីអាក្រក់ណាឡើយ
18 តែតាំងពីយើងលះលែងការដុតកំញានថ្វាយដល់ព្រះចន្ទ ហើយច្រួចដង្វាយច្រួចថ្វាយទ្រង់ទៅ នោះយើងចេះតែខ្វះខាតគ្រប់ទាំងអស់ ហើយបានវិនាសទៅដោយដាវ និងអំណត់អត់ផង
19 មួយទៀត កាលយើងបានដុតកំញានថ្វាយដល់ព្រះចន្ទ ហើយច្រួចដង្វាយច្រួចថ្វាយទ្រង់ នោះតើយើងបានធ្វើនំសំរាប់គោរពដល់ទ្រង់ ហើយច្រួចដង្វាយច្រួច ថ្វាយដល់ទ្រង់ក្រៅពីប្ដីយើងឬ។