យេរេមា 44:16-22 KHOV

16 ឯ​ពាក្យ​ដែល​លោក​បាន​ប្រាប់​មក​យើង​ដោយ​នូវ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា​នោះ យើង​មិន​ព្រម​ស្តាប់​តាម​ទេ

17 គឺ​យើង​នឹង​ប្រព្រឹត្ត​តាម​តែ​ពាក្យ​ទាំង​ប៉ុន្មាន ដែល​ចេញ​ពី​មាត់​យើង​វិញ ដើម្បី​នឹង​ដុត​កំញាន​ថ្វាយ​ដល់​ព្រះ‌ចន្ទ ហើយ​នឹង​ច្រួច​ដង្វាយ​ច្រួច​ថ្វាយ​ទ្រង់​ដែរ ដូច​ជា​យើង​បាន​ធ្លាប់​ធ្វើ​មក​ហើយ ទោះ​ទាំង​ខ្លួន​យើង ពួក​ព្ធយុ‌កោ​យើង និង​ពួក​ស្តេច ហើយ​ពួក​ចៅ‌ហ្វាយ​របស់​យើង នៅ​ក្នុង​ទី​ក្រុង​ទាំង​ប៉ុន្មាន​របស់​ស្រុក​យូដា ហើយ​នៅ​អស់​ទាំង​ផ្លូវ​របស់​ក្រុង​យេរូ‌សាឡិម​ផង ដ្បិត​នៅ​គ្រា​នោះ យើង​មាន​អាហារ​ជា​បរិបូរ ហើយ​ក៏​នៅ​ដោយ​សប្បាយ ឥត​ឃើញ​សេចក្តី​អាក្រក់​ណា​ឡើយ

18 តែ​តាំង​ពី​យើង​លះ‌លែង​ការ​ដុត​កំញាន​ថ្វាយ​ដល់​ព្រះ‌ចន្ទ ហើយ​ច្រួច​ដង្វាយ​ច្រួច​ថ្វាយ​ទ្រង់​ទៅ នោះ​យើង​ចេះ​តែ​ខ្វះ​ខាត​គ្រប់​ទាំង​អស់ ហើយ​បាន​វិនាស​ទៅ​ដោយ​ដាវ និង​អំណត់‌អត់​ផង

19 មួយ​ទៀត កាល​យើង​បាន​ដុត​កំញាន​ថ្វាយ​ដល់​ព្រះ‌ចន្ទ ហើយ​ច្រួច​ដង្វាយ​ច្រួច​ថ្វាយ​ទ្រង់ នោះ​តើ​យើង​បាន​ធ្វើ​នំ​សំរាប់​គោរព​ដល់​ទ្រង់ ហើយ​ច្រួច​ដង្វាយ​ច្រួច ថ្វាយ​ដល់​ទ្រង់​ក្រៅ​ពី​ប្ដី​យើង​ឬ។

20 ឯ​បណ្តា‌ជន​ប្រុស​ស្រី​ទាំង‌ឡាយ គឺ​អស់​មនុស្ស​ដែល​បាន​ឆ្លើយ​មក​យេរេមា​ដូច្នោះ នោះ​លោក​ប្រាប់​ដល់​គេ​ថា

21 កំញាន​ដែល​អ្នក​រាល់​គ្នា​បាន​ដុត នៅ​ក្នុង​ទី​ក្រុង​ស្រុក​យូដា​ទាំង​ប៉ុន្មាន ហើយ​នៅ​អស់​ទាំង​ផ្លូវ​ក្រុង​យេរូ‌សាឡិម ទោះ​ទាំង​អ្នក​រាល់​គ្នា ពួក​ព្ធយុ‌កោ ពួក​ស្តេច ពួក​ចៅ‌ហ្វាយ និង​បណ្តា‌ជន​នៅ​ក្នុង​ស្រុក​ទាំង​ប៉ុន្មាន នោះ​តើ​ព្រះ‌យេហូវ៉ា​មិន​បាន​នឹក​ចាំ តើ​ទ្រង់​មិន​បាន​រឭក​ពី​អំពើ​ទាំង​នោះ​ទេ​ឬ​អី

22 ដល់‌ម៉្លេះ​បាន​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​ទ្រាំ​មិន​បាន​ទៀត ដោយ​ព្រោះ​អំពើ​អាក្រក់​ទាំង​ប៉ុន្មាន​របស់​អ្នក​រាល់​គ្នា ហើយ​ដោយ​ព្រោះ​ការ​គួរ​ខ្ពើម ដែល​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត គឺ​ហេតុ​នោះ​បាន​ជា​ស្រុក​របស់​អ្នក​រាល់​គ្នា​ត្រូវ​ចោល​ស្ងាត់ ហើយ​បាន​ត្រឡប់​ជា​ទី​ស្រឡាំង‌កាំង និង​ជា​ទី​ផ្តាសា ឥត​មាន​អ្នក​ណា​អាស្រ័យ​នៅ ដូច​ជា​សព្វ​ថ្ងៃ​នេះ