17 គឺយើងនឹងប្រព្រឹត្តតាមតែពាក្យទាំងប៉ុន្មាន ដែលចេញពីមាត់យើងវិញ ដើម្បីនឹងដុតកំញានថ្វាយដល់ព្រះចន្ទ ហើយនឹងច្រួចដង្វាយច្រួចថ្វាយទ្រង់ដែរ ដូចជាយើងបានធ្លាប់ធ្វើមកហើយ ទោះទាំងខ្លួនយើង ពួកព្ធយុកោយើង និងពួកស្តេច ហើយពួកចៅហ្វាយរបស់យើង នៅក្នុងទីក្រុងទាំងប៉ុន្មានរបស់ស្រុកយូដា ហើយនៅអស់ទាំងផ្លូវរបស់ក្រុងយេរូសាឡិមផង ដ្បិតនៅគ្រានោះ យើងមានអាហារជាបរិបូរ ហើយក៏នៅដោយសប្បាយ ឥតឃើញសេចក្តីអាក្រក់ណាឡើយ
18 តែតាំងពីយើងលះលែងការដុតកំញានថ្វាយដល់ព្រះចន្ទ ហើយច្រួចដង្វាយច្រួចថ្វាយទ្រង់ទៅ នោះយើងចេះតែខ្វះខាតគ្រប់ទាំងអស់ ហើយបានវិនាសទៅដោយដាវ និងអំណត់អត់ផង
19 មួយទៀត កាលយើងបានដុតកំញានថ្វាយដល់ព្រះចន្ទ ហើយច្រួចដង្វាយច្រួចថ្វាយទ្រង់ នោះតើយើងបានធ្វើនំសំរាប់គោរពដល់ទ្រង់ ហើយច្រួចដង្វាយច្រួច ថ្វាយដល់ទ្រង់ក្រៅពីប្ដីយើងឬ។
20 ឯបណ្តាជនប្រុសស្រីទាំងឡាយ គឺអស់មនុស្សដែលបានឆ្លើយមកយេរេមាដូច្នោះ នោះលោកប្រាប់ដល់គេថា
21 កំញានដែលអ្នករាល់គ្នាបានដុត នៅក្នុងទីក្រុងស្រុកយូដាទាំងប៉ុន្មាន ហើយនៅអស់ទាំងផ្លូវក្រុងយេរូសាឡិម ទោះទាំងអ្នករាល់គ្នា ពួកព្ធយុកោ ពួកស្តេច ពួកចៅហ្វាយ និងបណ្តាជននៅក្នុងស្រុកទាំងប៉ុន្មាន នោះតើព្រះយេហូវ៉ាមិនបាននឹកចាំ តើទ្រង់មិនបានរឭកពីអំពើទាំងនោះទេឬអី
22 ដល់ម៉្លេះបានជាព្រះយេហូវ៉ាទ្រង់ទ្រាំមិនបានទៀត ដោយព្រោះអំពើអាក្រក់ទាំងប៉ុន្មានរបស់អ្នករាល់គ្នា ហើយដោយព្រោះការគួរខ្ពើម ដែលអ្នករាល់គ្នាបានប្រព្រឹត្ត គឺហេតុនោះបានជាស្រុករបស់អ្នករាល់គ្នាត្រូវចោលស្ងាត់ ហើយបានត្រឡប់ជាទីស្រឡាំងកាំង និងជាទីផ្តាសា ឥតមានអ្នកណាអាស្រ័យនៅ ដូចជាសព្វថ្ងៃនេះ
23 ពីព្រោះអ្នករាល់គ្នាបានដុតកំញាននោះ ហើយធ្វើបាបនឹងព្រះយេហូវ៉ាវិញ ក៏មិនបានស្តាប់តាមព្រះបន្ទូលរបស់ព្រះយេហូវ៉ា ឬប្រព្រឹត្តតាមក្រឹត្យវិន័យទ្រង់ ឬតាមបញ្ញត្តច្បាប់ ឬសេចក្តីបន្ទាល់របស់ទ្រង់ឡើយ គឺហេតុនោះបានជាការអាក្រក់នេះបានកើតដល់អ្នករាល់គ្នា ដូចជាសព្វថ្ងៃនេះ។