យេរេមា 44:23-29 KHOV

23 ពី​ព្រោះ​អ្នក​រាល់​គ្នា​បាន​ដុត​កំញាន​នោះ ហើយ​ធ្វើ​បាប​នឹង​ព្រះ‌យេហូវ៉ា​វិញ ក៏​មិន​បាន​ស្តាប់​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា ឬ​ប្រព្រឹត្ត​តាម​ក្រឹត្យ‌វិន័យ​ទ្រង់ ឬ​តាម​បញ្ញត្ត​ច្បាប់ ឬ​សេចក្តី​បន្ទាល់​របស់​ទ្រង់​ឡើយ គឺ​ហេតុ​នោះ​បាន​ជា​ការ​អាក្រក់​នេះ​បាន​កើត​ដល់​អ្នក​រាល់​គ្នា ដូច​ជា​សព្វ​ថ្ងៃ​នេះ។

24 មួយ​ទៀត យេរេមា​ក៏​ប្រាប់​ដល់​ជន​ទាំង‌ឡាយ គឺ​ដល់​ទាំង​ពួក​ស្រីៗ​ផង​ថា នែ​ពួក​យូដា​ទាំង​ប៉ុន្មាន ដែល​អាស្រ័យ​នៅ​ស្រុក​អេស៊ីព្ទ​អើយ ចូរ​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ចុះ

25 ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ ឯង​រាល់​គ្នា ព្រម​ទាំង​ប្រពន្ធ​របស់​ឯង បាន​ចេញ​វាចា​ពី​មាត់​រៀង​ខ្លួន​ហើយ ក៏​បាន​សំរេច​តាម ដោយ​ដៃ​ខ្លួន​ដែរ ថា​យើង​រាល់​គ្នា​នឹង​លា​បំណន់ ដែល​យើង​បាន​បន់​ជា​មិន​ខាន គឺ​នឹង​ដុត​កំញាន​ថ្វាយ​ដល់​ព្រះ‌ចន្ទ ហើយ​ច្រួច​ដង្វាយ​ច្រួច​ថ្វាយ​ទ្រង់​ដែរ ដូច្នេះ ចូរ​ឲ្យ​ឯង​រាល់​គ្នា​បន់​ទៅ ហើយ​លា​បំណន់​របស់​ឯង​ចុះ

26 នែ ពួក​យូដា​ទាំង​ប៉ុន្មាន ដែល​អាស្រ័យ​ក្នុង​ស្រុក​អេស៊ីព្ទ​អើយ ចូរ​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ចុះ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា មើល អញ​បាន​ស្បថ​ដោយ​ឈ្មោះ​ដ៏​ធំ​របស់​អញ​ថា ឈ្មោះ​អញ​នឹង​មិន​ដែល​ចេញ​ពី​មាត់​របស់​ពួក​យូដា​ណា​មួយ ដែល​អាស្រ័យ​នៅ​ក្នុង​ស្រុក​អេស៊ីព្ទ​ទៀត តាម​សម្បថ​ដែល​គេ​ធ្លាប់​ស្បថ​ថា ដូច​ជា​ព្រះ‌អម្ចាស់​យេហូវ៉ា ទ្រង់​មាន​ព្រះ‌ជន្ម​រស់​នៅ នោះ​ឡើយ

27 មើល អញ​នឹង​ត្រួត​មើល​គេ សំរាប់​ជា​សេចក្តី​អាក្រក់ មិន​មែន​ជា​សេចក្តី​ល្អ​ទេ ហើយ​ពួក​យូដា​ទាំង​ប៉ុន្មាន​ដែល​អាស្រ័យ​នៅ​ក្នុង​ស្រុក​អេស៊ីព្ទ នឹង​សាប‌សូន្យ​ទៅ​ដោយ​ដាវ និង​អំណត់‌អត់ ដរាប​ដល់​អស់​រលីង​ទៅ

28 ឯ​ពួក​អ្នក​ដែល​រួច​ពី​ដាវ គេ​នឹង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​វិល​ទៅ​ឯ​ស្រុក​យូដា​វិញ មាន​គ្នា​តិច​ទេ នោះ​សំណល់​ពួក​យូដា​ទាំង​ប៉ុន្មាន ដែល​បាន​ទៅ​អាស្រ័យ​នៅ​ស្រុក​អេស៊ីព្ទ គេ​នឹង​ដឹង​ជា​ពាក្យ​ណា​ដែល​នឹង​ស្ថិត‌ស្ថេរ​នៅ ទោះ​បើ​ជា​ពាក្យ​របស់​អញ ឬ​ពាក្យ​របស់​គេ​ក្តី

29 ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា នេះ​នឹង​បាន​ជា​ទី​សំគាល់​ឲ្យ​ឯង​រាល់​គ្នា​ដឹង​ថា អញ​នឹង​ធ្វើ​ទោស​ដល់​ឯង​នៅ​ទី​នេះ ដើម្បី​ឲ្យ​ឯង​រាល់​គ្នា​បាន​ដឹង​ថា ពាក្យ​របស់​អញ​នឹង​បាន​តាំង​ទាស់​នឹង​ឯង សំរាប់​ជា​ការ​អាក្រក់