26 នែ ពួកយូដាទាំងប៉ុន្មាន ដែលអាស្រ័យក្នុងស្រុកអេស៊ីព្ទអើយ ចូរស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ាចុះ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា មើល អញបានស្បថដោយឈ្មោះដ៏ធំរបស់អញថា ឈ្មោះអញនឹងមិនដែលចេញពីមាត់របស់ពួកយូដាណាមួយ ដែលអាស្រ័យនៅក្នុងស្រុកអេស៊ីព្ទទៀត តាមសម្បថដែលគេធ្លាប់ស្បថថា ដូចជាព្រះអម្ចាស់យេហូវ៉ា ទ្រង់មានព្រះជន្មរស់នៅ នោះឡើយ
27 មើល អញនឹងត្រួតមើលគេ សំរាប់ជាសេចក្តីអាក្រក់ មិនមែនជាសេចក្តីល្អទេ ហើយពួកយូដាទាំងប៉ុន្មានដែលអាស្រ័យនៅក្នុងស្រុកអេស៊ីព្ទ នឹងសាបសូន្យទៅដោយដាវ និងអំណត់អត់ ដរាបដល់អស់រលីងទៅ
28 ឯពួកអ្នកដែលរួចពីដាវ គេនឹងចេញពីស្រុកអេស៊ីព្ទវិលទៅឯស្រុកយូដាវិញ មានគ្នាតិចទេ នោះសំណល់ពួកយូដាទាំងប៉ុន្មាន ដែលបានទៅអាស្រ័យនៅស្រុកអេស៊ីព្ទ គេនឹងដឹងជាពាក្យណាដែលនឹងស្ថិតស្ថេរនៅ ទោះបើជាពាក្យរបស់អញ ឬពាក្យរបស់គេក្តី
29 ហើយព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា នេះនឹងបានជាទីសំគាល់ឲ្យឯងរាល់គ្នាដឹងថា អញនឹងធ្វើទោសដល់ឯងនៅទីនេះ ដើម្បីឲ្យឯងរាល់គ្នាបានដឹងថា ពាក្យរបស់អញនឹងបានតាំងទាស់នឹងឯង សំរាប់ជាការអាក្រក់
30 គឺព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា មើល អញនឹងប្រគល់ផារ៉ោន-ហុបរ៉ា ស្តេចស្រុកអេស៊ីព្ទទៅក្នុងកណ្តាប់ដៃនៃពួកខ្មាំងសត្រូវ គឺទៅក្នុងកណ្តាប់ដៃនៃពួកអ្នកដែលរកជីវិតវា ដូចជាអញបានប្រគល់សេដេគា ជាស្តេចយូដា ទៅក្នុងកណ្តាប់ដៃនៃនេប៊ូក្នេសា ស្តេចបាប៊ីឡូន ដែលជាខ្មាំងសត្រូវ ហើយក៏រកជីវិតវាដែរ។