យេរេមា 44:3-9 KHOV

3 ដោយ​ព្រោះ​អំពើ​អាក្រក់​ដែល​គេ​បាន​ប្រព្រឹត្ត​ជា​ការ​ដែល​នាំ​ឲ្យ​អញ​ខឹង ដោយ​គេ​បាន​ទៅ​ដុត​កំញាន​គោរព​ដល់​ព្រះ​ដទៃ ជា​ព្រះ​ដែល​គេ ឬ​ឯង​រាល់​គ្នា ឬ​ពួក​ព្ធយុ‌កោ​ឯង មិន​បាន​ស្គាល់​ផង

4 ប៉ុន្តែ​អញ​បាន​ចាត់​ពួក​ហោរា​ទាំង​ប៉ុន្មាន ជា​អ្នក​បំរើ​របស់​អញ​ឲ្យ​មក​ឯ​ឯង​រាល់​គ្នា គឺ​បាន​ក្រោក​ពី​ព្រលឹម​ស្រាង ដើម្បី​នឹង​ចាត់​គេ​ផង ដោយ​ពាក្យ​ថា ឱ​សូម​កុំ​ធ្វើ​ការ​គួរ​ខ្ពើម ដែល​អញ​ស្អប់​នេះ​ឡើយ

5 តែ​គេ​មិន​បាន​ស្តាប់​តាម ឬ​ផ្ទៀង​ត្រចៀក ដើម្បី​នឹង​បែរ​ចេញ​ពី​អំពើ​អាក្រក់​របស់​គេ ដោយ​លែង​ដុត​កំញាន​ថ្វាយ​ដល់​ព្រះ​ដទៃ​ឡើយ

6 ហេតុ​នោះ​បាន​ជា​សេចក្តី​កំហឹង និង​សេចក្តី​ក្រោធ​របស់​អញ​បាន​ចាក់​ចេញ ហើយ​កាត់​ឆេះ​ឡើង នៅ​ក្នុង​ទី​ក្រុង​ស្រុក​យូដា​ទាំង​ប៉ុន្មាន និង​នៅ​អស់​ទាំង​ផ្លូវ​របស់​ក្រុង​យេរូ‌សាឡិម​ផង ដូច្នេះ ទី​ក្រុង​ទាំង​នោះ​ត្រូវ​ខូច​បង់ ហើយ​ចោល​ស្ងាត់ ដូច​សព្វ​ថ្ងៃ​នេះ

7 ហេតុ​នោះ​ឥឡូវ​នេះ ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ហេតុ​អ្វី​បាន​ឯង​រាល់​គ្នា​ប្រព្រឹត្ត​អំពើ​អាក្រក់​យ៉ាង​ធំ​នេះ ទាស់​នឹង​ព្រលឹង​របស់​ខ្លួន​ដូច្នេះ ជា​ការ​ដែល​នឹង​កាត់​ពួក​ឯង​រាល់​គ្នា​ទាំង​ប្រុស​ទាំង​ស្រី ទាំង​ក្មេង និង​កូន​នៅ​បៅ ចេញ​ពី​ពួក​យូដា ឥត​ទុក​ឲ្យ​មាន​ណា​មួយ​នៅ​សល់​ឡើយ

8 ដោយ​ដៃ​ឯង​រាល់​គ្នា​តែង​ប្រព្រឹត្ត​ការ​ដែល​នាំ​ឲ្យ​អញ​ខឹង គឺ​ជា​ការ​ដុត​កំញាន​ថ្វាយ​ដល់​ព្រះ​ដទៃ នៅ​ក្នុង​ស្រុក​អេស៊ីព្ទ ជា​កន្លែង​ដែល​ឯង​រាល់​គ្នា​បាន​ទៅ​ស្នាក់​នៅ​នោះ ជា​ការ​ដែល​នឹង​កាត់​ឯង​រាល់​គ្នា​ចេញ ហើយ​ឲ្យ​ឯង​រាល់​គ្នា​ត្រឡប់​ជា​ទី​ផ្តាសា និង​ជា​ទី​ត្មះ‌តិះដៀល នៅ​កណ្តាល​អស់​ទាំង​សាសន៍​នៅ​ផែនដី

9 តើ​ឯង​រាល់​គ្នា​បាន​ភ្លេច​អំពើ​អាក្រក់​របស់​ពួក​ព្ធយុ‌កោ​ឯង ហើយ​អំពើ​អាក្រក់​របស់​ពួក​ស្តេច​យូដា និង​ភរិយា​របស់​គេ ព្រម​ទាំង​អំពើ​អាក្រក់​ដែល​ខ្លួន​ឯង​រាល់​គ្នា និង​ប្រពន្ធ​របស់​ឯង​រាល់​គ្នា​បាន​ប្រព្រឹត្ត​ផង គឺ​ជា​ការ​ដែល​គ្រប់​គ្នា​បាន​ធ្វើ​នៅ​ក្នុង​ស្រុក​យូដា ហើយ​នៅ​ផ្លូវ​ក្រុង​យេរូ‌សាឡិម​ទាំង​ប៉ុន្មាន​ឬ​អី