5 តែគេមិនបានស្តាប់តាម ឬផ្ទៀងត្រចៀក ដើម្បីនឹងបែរចេញពីអំពើអាក្រក់របស់គេ ដោយលែងដុតកំញានថ្វាយដល់ព្រះដទៃឡើយ
6 ហេតុនោះបានជាសេចក្តីកំហឹង និងសេចក្តីក្រោធរបស់អញបានចាក់ចេញ ហើយកាត់ឆេះឡើង នៅក្នុងទីក្រុងស្រុកយូដាទាំងប៉ុន្មាន និងនៅអស់ទាំងផ្លូវរបស់ក្រុងយេរូសាឡិមផង ដូច្នេះ ទីក្រុងទាំងនោះត្រូវខូចបង់ ហើយចោលស្ងាត់ ដូចសព្វថ្ងៃនេះ
7 ហេតុនោះឥឡូវនេះ ព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារ ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលថា ហេតុអ្វីបានឯងរាល់គ្នាប្រព្រឹត្តអំពើអាក្រក់យ៉ាងធំនេះ ទាស់នឹងព្រលឹងរបស់ខ្លួនដូច្នេះ ជាការដែលនឹងកាត់ពួកឯងរាល់គ្នាទាំងប្រុសទាំងស្រី ទាំងក្មេង និងកូននៅបៅ ចេញពីពួកយូដា ឥតទុកឲ្យមានណាមួយនៅសល់ឡើយ
8 ដោយដៃឯងរាល់គ្នាតែងប្រព្រឹត្តការដែលនាំឲ្យអញខឹង គឺជាការដុតកំញានថ្វាយដល់ព្រះដទៃ នៅក្នុងស្រុកអេស៊ីព្ទ ជាកន្លែងដែលឯងរាល់គ្នាបានទៅស្នាក់នៅនោះ ជាការដែលនឹងកាត់ឯងរាល់គ្នាចេញ ហើយឲ្យឯងរាល់គ្នាត្រឡប់ជាទីផ្តាសា និងជាទីត្មះតិះដៀល នៅកណ្តាលអស់ទាំងសាសន៍នៅផែនដី
9 តើឯងរាល់គ្នាបានភ្លេចអំពើអាក្រក់របស់ពួកព្ធយុកោឯង ហើយអំពើអាក្រក់របស់ពួកស្តេចយូដា និងភរិយារបស់គេ ព្រមទាំងអំពើអាក្រក់ដែលខ្លួនឯងរាល់គ្នា និងប្រពន្ធរបស់ឯងរាល់គ្នាបានប្រព្រឹត្តផង គឺជាការដែលគ្រប់គ្នាបានធ្វើនៅក្នុងស្រុកយូដា ហើយនៅផ្លូវក្រុងយេរូសាឡិមទាំងប៉ុន្មានឬអី
10 ដរាបដល់សព្វថ្ងៃនេះ ឯងរាល់គ្នាមិនទាន់បន្ទាបខ្លួននៅឡើយ ក៏មិនបានកោតខ្លាច ឬប្រព្រឹត្តតាមក្រឹត្យវិន័យ និងបញ្ញត្តច្បាប់របស់អញ ដែលអញបានដាក់នៅមុខឯងរាល់គ្នា និងពួកព្ធយុកោរបស់ឯងរាល់គ្នាផង។
11 ហេតុនោះ ព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលដូច្នេះថា មើលអញនឹងតាំងមុខទាស់នឹងឯងរាល់គ្នា សំរាប់ជាការអាក្រក់ គឺដើម្បីនឹងកាត់ពួកយូដាទាំងអស់ចេញ