1 នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា ដែលមកដល់ហោរាយេរេមា ពីដំណើរសាសន៍ដទៃទាំងប៉ុន្មាន។
2 ពីស្រុកអេស៊ីព្ទ គឺពីដំណើរពលទ័ពរបស់ផារ៉ោន-នេកោ ជាស្តេចស្រុកអេស៊ីព្ទ ដែលនៅត្រង់កើកេមីស ក្បែរមាត់ទន្លេអ៊ើប្រាត ជាស្រុកដែលនេប៊ូក្នេសា ស្តេចបាប៊ីឡូនបានវាយយក ក្នុងឆ្នាំទី៤នៃរាជ្យយេហូយ៉ាគីម ជាបុត្រយ៉ូសៀសស្តេចយូដា
3 ចូររៀបចំខែលតូចខែលធំ ហើយចូលទៅឯចំបាំងចុះ
4 ឱពួកពលសេះអើយ ចូរត្រៀមសេះ ហើយឡើងជិះចុះ ចូរចេញមកទាំងពាក់មួកសឹក ចូរខាត់លំពែង ហើយពាក់អាវក្រោះទៅ
5 ហេតុអ្វីបានជាអញត្រូវឃើញដូច្នេះ គេត្រូវស្លុតចិត្ត ហើយបានថយចេញទៅ ពួកខ្លាំងពូកែរបស់គេបានត្រូវវាយផ្តួលចុះ ក៏រត់ទៅឥតងាកបែរទៅខាងក្រោយឡើយ ព្រោះមានសេចក្តីស្ញែងខ្លាចនៅគ្រប់ជុំវិញ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា