11 ឱកូនស្រីក្រមុំនៃស្រុកអេស៊ីព្ទអើយ ចូរឡើងទៅឯស្រុកកាឡាត យកប្រទាលមុខសះចុះ ឯងនឹងប្រើថ្នាំច្រើនមុខ ជាឥតប្រយោជន៍ទេ ឯងនឹងមើលខ្លួនមិនជាឡើយ
12 អស់ទាំងសាសន៍បានឮនិយាយពីសេចក្តីអាម៉ាស់ខ្មាសរបស់ឯង ហើយផែនដីក៏ឮពេញដោយសំរែករបស់ឯងដែរ ដ្បិតមនុស្សខ្លាំងពូកែបានចំពប់នឹងមនុស្សខ្លាំងពូកែ ហើយទាំង២បានដួលជាមួយគ្នា។
13 នេះជាព្រះបន្ទូលដែលព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងហោរាយេរេមា ពីដំណើរនេប៊ូក្នេសា ជាស្តេចសាសន៍បាប៊ីឡូន ដែលនឹងមកវាយស្រុកអេស៊ីព្ទ
14 ចូរថ្លែងប្រាប់នៅស្រុកអេស៊ីព្ទ ហើយប្រកាសប្រាប់នៅក្រុងមីកដុល ព្រមទាំងនៅក្រុងណូព និងនៅក្រុងថាផ្នេសផង ត្រូវឲ្យប្រាប់ថា ចូរឈរឡើង ហើយរៀបខ្លួនចុះ ដ្បិតដាវបានស៊ីនៅព័ទ្ធជុំវិញឯងអស់ហើយ
15 ហេតុអ្វីបានជាមនុស្សខ្លាំងពូកែរបស់ឯងត្រូវកៀរយកទៅដូច្នេះ គេមិនបានឈរនឹងនៅទេ គឺពីព្រោះព្រះយេហូវ៉ាទ្រង់បានច្រានគេទៅ
16 ទ្រង់បានធ្វើឲ្យច្រើនគ្នាចំពប់ អើ គេបានដួលគរលើគ្នា គេបាននិយាយគ្នាថា ចូរយើងក្រោកឡើងវិលទៅឯសាសន៍យើង នៅស្រុកកំណើតរបស់យើងវិញទៅ ដើម្បីនឹងរួចពីដាវដែលធ្វើទុក្ខ
17 នៅទីនោះ គេបានស្រែកឡើងថា ផារ៉ោន ជាស្តេចអេស៊ីព្ទ ទ្រង់ជាសូរកំទរទទេ ទ្រង់បានទុកឲ្យពេលដែលស្រួលកន្លងហួសទៅ