យេរេមា 46:16-22 KHOV

16 ទ្រង់​បាន​ធ្វើ​ឲ្យ​ច្រើន​គ្នា​ចំពប់ អើ គេ​បាន​ដួល​គរ​លើ​គ្នា គេ​បាន​និយាយ​គ្នា​ថា ចូរ​យើង​ក្រោក​ឡើង​វិល​ទៅ​ឯ​សាសន៍​យើង នៅ​ស្រុក​កំណើត​របស់​យើង​វិញ​ទៅ ដើម្បី​នឹង​រួច​ពី​ដាវ​ដែល​ធ្វើ​ទុក្ខ

17 នៅ​ទី​នោះ គេ​បាន​ស្រែក​ឡើង​ថា ផារ៉ោន ជា​ស្តេច​អេស៊ីព្ទ ទ្រង់​ជា​សូរ​កំទរ​ទទេ ទ្រង់​បាន​ទុក​ឲ្យ​ពេល​ដែល​ស្រួល​កន្លង​ហួស​ទៅ

18 ឯ​មហា‌ក្សត្រ​ដែល​ទ្រង់​ព្រះ‌នាម​ជា​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​ស្បថ​ដោយ​ព្រះ‌ជន្ម​ទ្រង់​ដ៏​រស់​នៅ​ថា ភ្នំ​តាបោរ​នៅ​កណ្តាល​ស្រុក​ភ្នំ ហើយ​ភ្នំ​កើមែល​នៅ​ឆ្នេរ​សមុទ្រ​ជា​យ៉ាង​ណា នោះ​ពិត​ប្រាកដ​ជា​គេ​នឹង​មក​យ៉ាង​នោះ​ដែរ

19 ឱ​កូន​ស្រី​ដែល​នៅ​ស្រុក​អេស៊ីព្ទ​អើយ ចូរ​ផ្គត់‌ផ្គង់​ដល់​ខ្លួន សំរាប់​នឹង​ទៅ​ជា​ឈ្លើយ​ចុះ ដ្បិត​ក្រុង​ណូព​នឹង​ត្រូវ​ខូច​បង់ ហើយ​ដុត​ចោល​ឥត​មាន​អ្នក​ណា​នៅ

20 ស្រុក​អេស៊ីព្ទ​ជា​គោ​ក្រមុំ​យ៉ាង​ល្អ​ក្រៃលែង ប៉ុន្តែ​មេ​បំផ្លាញ​បាន​ចេញ​ពី​ស្រុក​ខាង​ជើង​មក​ក៏​មក​ដល់​ហើយ

21 មួយ​ទៀត ជើង​ឈ្នួល​របស់​ស្រុក​អេស៊ីព្ទ ប្រៀប​ដូច​ជា​កូន​គោ​បំប៉ន​នៅ​កណ្តាល​ស្រុក គេ​ក៏​បាន​បែរ​ខ្នង​ដែរ គេ​បាន​រត់​ចេញ​ទៅ​ជា​មួយ​គ្នា ឥត​ឈរ​នឹង​នៅ​ទេ ដ្បិត​ថ្ងៃ​អន្តរាយ​របស់​គេ គឺ​ជា​វេលា​ធ្វើ​ទោស​ដល់​គេ​បាន​មក​លើ​គេ​ហើយ

22 សូរ​សន្ធឹក​នៃ​ថ្ងៃ​នោះ ដូច​ជា​សូរ​នៃ​ពស់​លូន ដ្បិត​ពួក​នោះ​នឹង​ដើរ​មក​ជា​ក្បួន​ទ័ព ក៏​នឹង​មក​ទាស់​នឹង​គេ មាន​ទាំង​ពូថៅ ដូច​អ្នក​កាប់​ឈើ​ផង