យេរេមា 46:20-26 KHOV

20 ស្រុក​អេស៊ីព្ទ​ជា​គោ​ក្រមុំ​យ៉ាង​ល្អ​ក្រៃលែង ប៉ុន្តែ​មេ​បំផ្លាញ​បាន​ចេញ​ពី​ស្រុក​ខាង​ជើង​មក​ក៏​មក​ដល់​ហើយ

21 មួយ​ទៀត ជើង​ឈ្នួល​របស់​ស្រុក​អេស៊ីព្ទ ប្រៀប​ដូច​ជា​កូន​គោ​បំប៉ន​នៅ​កណ្តាល​ស្រុក គេ​ក៏​បាន​បែរ​ខ្នង​ដែរ គេ​បាន​រត់​ចេញ​ទៅ​ជា​មួយ​គ្នា ឥត​ឈរ​នឹង​នៅ​ទេ ដ្បិត​ថ្ងៃ​អន្តរាយ​របស់​គេ គឺ​ជា​វេលា​ធ្វើ​ទោស​ដល់​គេ​បាន​មក​លើ​គេ​ហើយ

22 សូរ​សន្ធឹក​នៃ​ថ្ងៃ​នោះ ដូច​ជា​សូរ​នៃ​ពស់​លូន ដ្បិត​ពួក​នោះ​នឹង​ដើរ​មក​ជា​ក្បួន​ទ័ព ក៏​នឹង​មក​ទាស់​នឹង​គេ មាន​ទាំង​ពូថៅ ដូច​អ្នក​កាប់​ឈើ​ផង

23 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា គេ​នឹង​កាប់​រំលំ​ព្រៃ​របស់​ស្រុក​អេស៊ីព្ទ​បង់ ទោះ​បើ​ជា​ព្រៃ​ស្តុក ដល់​ចូល​មិន​បាន​ក៏​ដោយ ដ្បិត​គេ​មាន​គ្នា​ច្រើន​ជាង​កណ្តូប គឺ​ហួស​ប្រមាណ​នឹង​រាប់​បាន

24 កូន​ស្រី​របស់​ស្រុក​អេស៊ីព្ទ​នឹង​ត្រូវ​ខ្មាស នាង​នឹង​ត្រូវ​ប្រគល់​ទៅ ក្នុង​កណ្តាប់​ដៃ​របស់​ពួក​សាសន៍ ពី​ស្រុក​ខាង​ជើង

25 ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ទ្រង់​មាន​ព្រះ‌បន្ទូល​ថា មើល អញ​នឹង​ធ្វើ​ទោស​ដល់​អាំម៉ូន-នរ និង​ផារ៉ោន ហើយ​ស្រុក​អេស៊ីព្ទ ព្រម​ទាំង​ព្រះ​ទាំង​ប៉ុន្មាន និង​ស្តេច​របស់​គេ​ផង គឺ​ផារ៉ោន និង​អស់​អ្នក​ដែល​ទុក​ចិត្ត​ដល់​វា

26 អញ​នឹង​ប្រគល់​គេ ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​អ្នក ដែល​រក​ជីវិត​គេ គឺ​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​នេប៊ូ‌ក្នេសា ជា​ស្តេច​បាប៊ីឡូន និង​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​អ្នក​បំរើ​វា​ដែរ ក្រោយ​មក​ស្រុក​អេស៊ីព្ទ​នឹង​មាន​គេ​អាស្រ័យ​នៅ ដូច​កាល​ពី​ដើម​ឡើង​វិញ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។