4 ឱពួកពលសេះអើយ ចូរត្រៀមសេះ ហើយឡើងជិះចុះ ចូរចេញមកទាំងពាក់មួកសឹក ចូរខាត់លំពែង ហើយពាក់អាវក្រោះទៅ
5 ហេតុអ្វីបានជាអញត្រូវឃើញដូច្នេះ គេត្រូវស្លុតចិត្ត ហើយបានថយចេញទៅ ពួកខ្លាំងពូកែរបស់គេបានត្រូវវាយផ្តួលចុះ ក៏រត់ទៅឥតងាកបែរទៅខាងក្រោយឡើយ ព្រោះមានសេចក្តីស្ញែងខ្លាចនៅគ្រប់ជុំវិញ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា
6 កុំបើកឲ្យមនុស្សលឿនរត់ទៅបាត់ ឬមនុស្សខ្លាំងពូកែរួចខ្លួនឡើយ គេបានចំពប់ដួលចុះ នៅស្រុកខាងជើង ក្បែរទន្លេអ៊ើប្រាតហើយ
7 តើអ្នកណានេះ ដែលឡើងមក ដូចជាទឹកជន់ដែលទឹកនោះកំរើកឡើងដូចជាទន្លេ
8 ស្រុកអេស៊ីព្ទឡើងមកដូចជាទឹកជន់ ហើយទឹកនោះក៏កំរើកឡើងដូចជាទន្លេ គេអួតថា អញនឹងក្រោកឡើង អញនឹងគ្របលើផែនដី អញនឹងបំផ្លាញអស់ទាំងទីក្រុង និងមនុស្សដែលអាស្រ័យនៅផង
9 សេះទាំងឡាយអើយ ចូរឡើងទៅ រទេះចំបាំងទាំងឡាយអើយ ចូរសំរុកចូលចុះ ហើយត្រូវឲ្យមនុស្សស្ទាត់ជំនាញចេញទៅដែរ គឺទាំងពួកគូស និងពួកពូត ជាពួកអ្នកដែលកាន់ខែល ហើយពួកលូឌដែលកាន់ ហើយដំឡើងធ្នូ
10 ដ្បិតថ្ងៃនេះជាថ្ងៃរបស់ព្រះអម្ចាស់យេហូវ៉ានៃពួកពលបរិវារ គឺជាថ្ងៃសឹក សំរាប់ឲ្យទ្រង់បានសងសឹកនឹងពួកខ្មាំងសត្រូវ ហើយដាវនឹងស៊ីទាល់តែឆ្អែត ក៏ផឹកឈាមគេយ៉ាងស្កប់ស្កល់ ពីព្រោះព្រះអម្ចាស់យេហូវ៉ានៃពួកពលបរិវារ ទ្រង់មានយញ្ញបូជានៅស្រុកខាងជើងក្បែរទន្លេអ៊ើប្រាត