យេរេមា 48:11-17 KHOV

11 សាសន៍​ម៉ូអាប់​បាន​នៅ​ដោយ​ឥត​កង្វល់ តាំង​ពី​ក្មេង​មក គេ​បាន​រង​នៅ​លើក​ករ​របស់​គេ ឥត​ដែល​ចាក់​ផ្ទេរ​ពី​ដប​១​ទៅ​ដល់​ដប​១​ទៀត ក៏​មិន​ដែល​ត្រូវ​នាំ​ទៅ​ជា​ឈ្លើយ​ឡើយ ហេតុ​នោះ​បាន​ជា​គេ​មាន​រស‌ជាតិ​នៅ​ដូច​ដដែល ហើយ​ក្លិន​របស់​គេ​ក៏​មិន​បាន​ផ្លាស់​ប្រែ​ទៅ​ដែរ

12 ដូច្នេះ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា មើល នឹង​មាន​គ្រា​មក​ដល់ ដែល​អញ​នឹង​ចាត់​ប្រើ​មនុស្ស​ទៅ​ឯ​គេ ដែល​នឹង​ចាក់​ផ្ទេរ​ចេញ​ឲ្យ​ដប​នៅ​ទទេ ហើយ​នឹង​បំបែក​ដប​ឲ្យ​ខ្ទេច‌ខ្ទី​ដែរ

13 នោះ​ម៉ូអាប់​នឹង​ខ្មាស​ចំពោះ​ព្រះ‌កេម៉ូស ដូច​ជា​ពួក​វង្ស​អ៊ីស្រា‌អែល​បាន​ខ្មាស​ចំពោះ​បេត-អែល ជា​ទី​ទុក​ចិត្ត​របស់​គេ​ដែរ

14 ធ្វើ​ដូច​ម្តេច​ឲ្យ​ឯង​រាល់​គ្នា​ថា យើង​ជា​មនុស្ស​ខ្លាំង​ពូកែ ហើយ​ស្ទាត់​ជំនាញ​ក្នុង​ចំបាំង​បាន

15 ស្រុក​ម៉ូអាប់​បាន​ត្រូវ​ខូច​បង់​ហើយ ទី​ក្រុង​របស់​គេ​បាន​ហុយ​ឡើង​ជា​ផ្សែង ពួក​កំឡោះ​ជ្រើស‌រើស​របស់​គេ​បាន​ចុះ​ទៅ​ឯ​ទី​សំឡេះ នេះ​ជា​ព្រះ‌បន្ទូល​នៃ​មហា‌ក្សត្រ ដែល​ទ្រង់​ព្រះ‌នាម​ជា ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ

16 សេចក្តី​អន្តរាយ​របស់​សាសន៍​ម៉ូអាប់​ជិត​មក​ដល់​ហើយ សេចក្តី​វេទនា​របស់​គេ​ក៏​ប្រញាប់​រួស‌រាន់​ដែរ

17 ឯង​រាល់​គ្នា​ដែល​នៅ​ជុំវិញ​គេ​អើយ ចូរ​យំ​ទួញ​នឹង​គេ​ចុះ ហើយ​ឯង​រាល់​គ្នា​ដែល​ស្គាល់​ឈ្មោះ​គេ​អើយ ចូរ​ពោល​ថា ដំបង​ខែង​មាំ​នោះ​បាន​បាក់​យ៉ាង​ណា​ហ្ន៎ ជា​ដំបង​រុងរឿង​ផង