28 ឱពួកអ្នកស្រុកម៉ូអាប់អើយ ចូរចេញពីទីក្រុងទាំងប៉ុន្មាន ទៅអាស្រ័យនៅក្នុងថ្មចុះ ត្រូវឲ្យបានដូចជាព្រាប ដែលធ្វើសំបុកនៅមាត់ចំរែះរអាង
29 យើងបានឮនិយាយពីសេចក្តីអំនួតរបស់សាសន៍ម៉ូអាប់ថា គេអួតអាងខ្លាំងណាស់ និងពីសេចក្តីលើកខ្លួន សេចក្តីអំនួត សេចក្តីវាយឫក និងពីសេចក្តីឆ្មើងឆ្មៃក្នុងចិត្តគេដែរ
30 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា អញស្គាល់សេចក្តីឃោរឃៅរបស់គេថា មិនជាអ្វីទេ អស់ទាំងសេចក្តីអំនួតរបស់គេ មិនបានបង្កើតអ្វីសោះ
31 ដូច្នេះ អញនឹងទ្រហោយំនឹងសាសន៍ម៉ូអាប់ អើអញនឹងស្រែកឡើង ដោយព្រោះសាសន៍ទាំងមូលក៏នឹងសោយសោកចំពោះពួកមនុស្ស នៅគារ-ហារ៉ាសែតដែរ
32 ឱដើមទំពាំងបាយជូរ នៅត្រង់ស៊ីបម៉ាអើយ អញនឹងយំនឹងឯង លើសជាងយំនឹងយ៉ាស៊ើរទៅទៀត ខ្នែងរបស់ឯងបានបោះចេញទៅដល់ត្រើយសមុទ្រម្ខាង បានលូកទៅដល់សមុទ្រយ៉ាស៊ើរផង មេបំផ្លាញបានធ្លាក់មកលើផលរដូវក្តៅ និងលើផលទំពាំងបាយជូររបស់ឯង
33 ឯសេចក្តីរីករាយ និងសេចក្តីអំណរ នោះបានដកចេញពីចំការដុះដាល ហើយពីស្រុកម៉ូអាប់ទៅ អញបានធ្វើឲ្យលែងមានស្រាទំពាំងបាយជូរ នៅក្នុងធុងឃ្នាបទៀត ក៏នឹងគ្មានអ្នកណាជាន់ផ្លែ ដោយសំរែកខ្ញៀវខ្ញារឡើយ សូរសំរែករបស់គេ នឹងមិនមែនជាសំរែកពិតទេ
34 មានឮសំរែកនៅក្រុងហែសបូន រហូតដល់អេលាលេ គេបានបព្ចោញសំឡេងរហូតដល់យ៉ាហាស ហើយពីសូអារទៅដល់ហូរ៉ូណែម ដូចជាគោញីអាយុ៣ខួប ដ្បិតទឹកនៃនីមរីមបានរីងស្ងួតទៅហើយ