យេរេមា 48:33-39 KHOV

33 ឯ​សេចក្តី​រីក‌រាយ និង​សេចក្តី​អំណរ នោះ​បាន​ដក​ចេញ​ពី​ចំការ​ដុះ‌ដាល ហើយ​ពី​ស្រុក​ម៉ូអាប់​ទៅ អញ​បាន​ធ្វើ​ឲ្យ​លែង​មាន​ស្រា​ទំពាំង‌បាយ‌ជូរ នៅ​ក្នុង​ធុង​ឃ្នាប​ទៀត ក៏​នឹង​គ្មាន​អ្នក​ណា​ជាន់​ផ្លែ ដោយ​សំរែក​ខ្ញៀវ‌ខ្ញារ​ឡើយ សូរ​សំរែក​របស់​គេ នឹង​មិន​មែន​ជា​សំរែក​ពិត​ទេ

34 មាន​ឮ​សំរែក​នៅ​ក្រុង​ហែសបូន រហូត​ដល់​អេលាលេ គេ​បាន​បព្ចោញ​សំឡេង​រហូត​ដល់​យ៉ាហាស ហើយ​ពី​សូអារ​ទៅ​ដល់​ហូរ៉ូណែម ដូច​ជា​គោ​ញី​អាយុ​៣​ខួប ដ្បិត​ទឹក​នៃ​នីមរីម​បាន​រីង​ស្ងួត​ទៅ​ហើយ

35 មួយ​ទៀត​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អញ​នឹង​ធ្វើ​ឲ្យ​លែង​មាន​អ្នក​ណា​ថ្វាយ​ដង្វាយ​នៅ​លើ​ទី​ខ្ពស់ និង​អ្នក​ណា​ដែល​ដុត​កំញាន​ថ្វាយ​ដល់​ព្រះ​ខ្លួន នៅ​ក្នុង​ស្រុក​ម៉ូអាប់​ទៀត។

36 ដូច្នេះ ចិត្ត​អញ​នឹង​ឮ​ឡើង​ដូច​ជា​ខ្លុយ ដោយ​ព្រោះ​ម៉ូអាប់ ហើយ​ចិត្ត​អញ​នឹង​ឮ​ឡើង​ដូច​ជា​ខ្លុយ ដោយ​ព្រោះ​មនុស្ស​ដែល​អាស្រ័យ​នៅ​គារ-ហារ៉ាសែត​ដែរ ពី​ព្រោះ​ផល​បរិបូរ ដែល​គេ​បាន​ប្រមូល​ទុក បាន​វិនាស​អស់​ទៅ​ហើយ

37 ដ្បិត​គ្រប់​ទាំង​មនុស្ស​បាន​កោរ​ត្រងោល ហើយ​កាត់​ពុក‌ចង្កា គេ​បាន​ឆូត​សាច់​ដៃ​គ្រប់​គ្នា ហើយ​បាន​ស្លៀក​សំពត់​ធ្មៃ

38 នៅ​លើ​ដំបូល​ផ្ទះ ហើយ​នៅ​ក្នុង​ផ្លូវ​នៃ​ស្រុក​ម៉ូអាប់ នោះ​មាន​ឮ​សុទ្ធ​តែ​សូរ​ទំនួញ​គ្រប់​កន្លែង ដ្បិត​អញ​បាន​បំបែក​សាសន៍​ម៉ូអាប់ ដូច​ជា​ភាជនៈ​ដែល​ឥត​មាន​អ្នក​ណា​ចូល​ចិត្ត​ឡើយ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា

39 គេ​នឹង​ស្រែក​ទ្រហោ​ថា ស្រុក​ត្រូវ​បែក​បាក់​ខូច​យ៉ាង​ណា​ហ្ន៎ សាសន៍​ម៉ូអាប់​បាន​បែរ​ខ្នង ដោយ​ខ្មាស​ហ្ន៎ គឺ​យ៉ាង​នោះ​ដែល​សាសន៍​ម៉ូអាប់​នឹង​ត្រឡប់​ជា​ទី​មើល‌ងាយ និង​ជា​ទី​ស្ញែង​ខ្លាច ដល់​អស់​អ្នក​នៅ​ព័ទ្ធ​ជុំវិញ​គេ