37 ដ្បិតគ្រប់ទាំងមនុស្សបានកោរត្រងោល ហើយកាត់ពុកចង្កា គេបានឆូតសាច់ដៃគ្រប់គ្នា ហើយបានស្លៀកសំពត់ធ្មៃ
38 នៅលើដំបូលផ្ទះ ហើយនៅក្នុងផ្លូវនៃស្រុកម៉ូអាប់ នោះមានឮសុទ្ធតែសូរទំនួញគ្រប់កន្លែង ដ្បិតអញបានបំបែកសាសន៍ម៉ូអាប់ ដូចជាភាជនៈដែលឥតមានអ្នកណាចូលចិត្តឡើយ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា
39 គេនឹងស្រែកទ្រហោថា ស្រុកត្រូវបែកបាក់ខូចយ៉ាងណាហ្ន៎ សាសន៍ម៉ូអាប់បានបែរខ្នង ដោយខ្មាសហ្ន៎ គឺយ៉ាងនោះដែលសាសន៍ម៉ូអាប់នឹងត្រឡប់ជាទីមើលងាយ និងជាទីស្ញែងខ្លាច ដល់អស់អ្នកនៅព័ទ្ធជុំវិញគេ
40 ដ្បិតព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា មើល ខ្មាំងសត្រូវនឹងហើរមកដូចជាឥន្ទ្រី ហើយនឹងត្រដាងស្លាបពីលើស្រុកម៉ូអាប់
41 កេរីយ៉ុតត្រូវចាប់យកហើយ គេក៏ចាប់បានទីមាំមួនទាំងប៉ុន្មានដែរ នៅថ្ងៃនោះ ចិត្តនៃមនុស្សខ្លាំងពូកែក្នុងសាសន៍ម៉ូអាប់ នឹងបានដូចជាចិត្តរបស់ស្រីដែលឈឺនឹងសំរាលកូន
42 ម៉ូអាប់នឹងត្រូវបំផ្លាញចេញពីដំណែងជាសាសន៍ទៅ ពីព្រោះគេបានដំកើងខ្លួនទាស់នឹងព្រះយេហូវ៉ា
43 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា ឱពួកអ្នកស្រុកម៉ូអាប់អើយ សេចក្តីស្ញែងខ្លាច រណ្តៅ និងអន្ទាក់ មកលើឯងហើយ