យេរេមា 48:41-47 KHOV

41 កេរីយ៉ុត​ត្រូវ​ចាប់​យក​ហើយ គេ​ក៏​ចាប់​បាន​ទី​មាំ‌មួន​ទាំង​ប៉ុន្មាន​ដែរ នៅ​ថ្ងៃ​នោះ ចិត្ត​នៃ​មនុស្ស​ខ្លាំង​ពូកែ​ក្នុង​សាសន៍​ម៉ូអាប់ នឹង​បាន​ដូច​ជា​ចិត្ត​របស់​ស្រី​ដែល​ឈឺ​នឹង​សំរាល​កូន

42 ម៉ូអាប់​នឹង​ត្រូវ​បំផ្លាញ​ចេញ​ពី​ដំណែង​ជា​សាសន៍​ទៅ ពី​ព្រោះ​គេ​បាន​ដំកើង​ខ្លួន​ទាស់​នឹង​ព្រះ‌យេហូវ៉ា

43 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ឱ​ពួក​អ្នក​ស្រុក​ម៉ូអាប់​អើយ សេចក្តី​ស្ញែង​ខ្លាច រណ្តៅ និង​អន្ទាក់ មក​លើ​ឯង​ហើយ

44 អ្នក​ណា​ដែល​រត់​រួច​ពី​សេចក្តី​ស្ញែង​ខ្លាច នឹង​ធ្លាក់​ទៅ​ក្នុង​រណ្តៅ ហើយ​អ្នក​ណា​ដែល​ឡើង​រួច​ពី​រណ្តៅ នោះ​នឹង​ជាប់​អន្ទាក់​វិញ ដ្បិត​អញ​នឹង​នាំ​ឆ្នាំ​ដែល​ត្រូវ​ធ្វើ​ទោស​មក​លើ​គេ គឺ​មក​លើ​សាសន៍​ម៉ូអាប់ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។

45 ពួក​អ្នក​ដែល​រត់ គេ​ឈរ​នៅ​ទាំង​អស់​កំឡាំង​ក្រោម​ម្លប់​ក្រុង​ហែសបូន ប៉ុន្តែ​មាន​ភ្លើង​ចេញ​ពី​ហែសបូន និង​អណ្តាត​ភ្លើង​ចេញ​ពី​កណ្តាល​ស៊ីហុន ទៅ​បញ្ឆេះ​ទី​បំផុត​នៃ​ស្រុក​ម៉ូអាប់ និង​ក្រយៅ​ក្បាល​នៃ​ពួក​ជ្រួល‌ជ្រើម​ទៅ

46 ឱ​ម៉ូអាប់​អើយ វរ​ដល់​ឯង​ហើយ ពួក​ព្រះ‌កេម៉ូស​កំពុង​វិនាស​ទៅ ដ្បិត​ពួក​កូន​ប្រុស​កូន​ស្រី​របស់​ឯង​ត្រូវ​ចាប់​ដឹក​ទៅ​ជា​ឈ្លើយ​ហើយ

47 ប៉ុន្តែ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ដល់​ជាន់​ក្រោយ អញ​នឹង​នាំ​ពួក​ម៉ូអាប់ ដែល​ជា​ឈ្លើយ​នោះ​មក​វិញ ទោស​របស់​សាសន៍​ម៉ូអាប់​ត្រូវ​ប៉ុណ្ណេះ​ហើយ។