13 ដ្បិតព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា អញបានស្បថនឹងខ្លួនអញថា ក្រុងបុសរ៉ានឹងត្រឡប់ជាទីស្រឡាំងកាំង ជាទីត្មះតិះដៀល ជាទីខូចបង់ ហើយជាទីផ្តាសា ឯអស់ទាំងភូមិនៅជុំវិញនឹងទៅជាកន្លែងខូចបង់នៅអស់កល្បតទៅ។
14 ខ្ញុំបានឮដំណឹងមកពីព្រះយេហូវ៉ា ទ្រង់ក៏បានចាត់ទូត១ឲ្យទៅឯសាសន៍ទាំងប៉ុន្មានប្រាប់ថា ចូរមូលគ្នាមកទាស់នឹងគេ ហើយលើកគ្នាទៅច្បាំងចុះ
15 ដ្បិតមើលអញបានធ្វើឲ្យឯងជាយ៉ាងតូច នៅកណ្តាលពួកសាសន៍ទាំងប៉ុន្មាន ហើយឲ្យមនុស្សទាំងឡាយមើលងាយឯងផង
16 ត្រង់ឯសេចក្តីគួរស្ញែងខ្លាចរបស់ឯងនោះ គឺជាសេចក្តីអំនួតក្នុងចិត្តឯង បានបញ្ឆោតខ្លួនទេ ឱឯងដែលអាស្រ័យនៅក្រហែងថ្មដា ជាអ្នកដែលរក្សាកន្លែង នៅជាប់លើទីខ្ពស់អើយ ទោះបើឯងធ្វើសំបុកនៅទីខ្ពស់ ដូចជាឥន្ទ្រីក៏ដោយ គង់តែអញនឹងទំលាក់ឯងចុះពីនោះមកដែរ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា
17 ស្រុកអេដំមនឹងត្រឡប់ជាទីស្រឡាំងកាំង ឯអស់អ្នកដែលដើរតាមទីនោះ គេនឹងអស្ចារ្យក្នុងចិត្ត ហើយនឹងធ្វើស៊ីសស៊ូសឲ្យ ដោយព្រោះអស់ទាំងសេចក្តីវេទនារបស់ស្រុកនោះ
18 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា នឹងគ្មានមនុស្សណាអាស្រ័យនៅស្រុកនោះ ឬមនុស្សជាតិណាស្នាក់នៅទីនោះឡើយ ដូចក្នុងការបំផ្លាញក្រុងសូដុំម និងក្រុងកូម៉ូរ៉ា ព្រមទាំងទីក្រុងជិតខាងនោះទាំងប៉ុន្មានដែរ
19 មើល នឹងមានមនុស្សឡើងមកទាស់នឹងទីលំនៅមាំមួននោះ ដូចជាសិង្ហដែលឡើងពីទីជំនន់នៃទន្លេយ័រដាន់ ដ្បិតអញនឹងធ្វើឲ្យគេរត់ពីទីនោះទៅភ្លាម រួចអ្នកដែលបានរើសតាំងឡើង នោះអញនឹងដំរូវឲ្យគ្រប់គ្រងលើទីនោះវិញ ដ្បិតតើមានអ្នកឯណាឲ្យដូចអញ តើអ្នកណានឹងដាក់កំណត់ឲ្យអញបាន តើមានអ្នកគង្វាលណាដែលនឹងអាចឈរនៅមុខអញបាន