17 ស្រុកអេដំមនឹងត្រឡប់ជាទីស្រឡាំងកាំង ឯអស់អ្នកដែលដើរតាមទីនោះ គេនឹងអស្ចារ្យក្នុងចិត្ត ហើយនឹងធ្វើស៊ីសស៊ូសឲ្យ ដោយព្រោះអស់ទាំងសេចក្តីវេទនារបស់ស្រុកនោះ
18 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា នឹងគ្មានមនុស្សណាអាស្រ័យនៅស្រុកនោះ ឬមនុស្សជាតិណាស្នាក់នៅទីនោះឡើយ ដូចក្នុងការបំផ្លាញក្រុងសូដុំម និងក្រុងកូម៉ូរ៉ា ព្រមទាំងទីក្រុងជិតខាងនោះទាំងប៉ុន្មានដែរ
19 មើល នឹងមានមនុស្សឡើងមកទាស់នឹងទីលំនៅមាំមួននោះ ដូចជាសិង្ហដែលឡើងពីទីជំនន់នៃទន្លេយ័រដាន់ ដ្បិតអញនឹងធ្វើឲ្យគេរត់ពីទីនោះទៅភ្លាម រួចអ្នកដែលបានរើសតាំងឡើង នោះអញនឹងដំរូវឲ្យគ្រប់គ្រងលើទីនោះវិញ ដ្បិតតើមានអ្នកឯណាឲ្យដូចអញ តើអ្នកណានឹងដាក់កំណត់ឲ្យអញបាន តើមានអ្នកគង្វាលណាដែលនឹងអាចឈរនៅមុខអញបាន
20 ដូច្នេះ ចូរស្តាប់សេចក្តីប្រឹក្សានៃព្រះយេហូវ៉ា ដែលទ្រង់បានសំរេចទាស់នឹងស្រុកអេដំម និងដំរិះដែលទ្រង់បានគិតទាស់នឹងពួកអ្នកនៅក្រុងថេម៉ាន គឺថា ពួកតូចបំផុតក្នុងហ្វូងនឹងអូសគេចេញជាពិត ទាំងឲ្យទីលំនៅរបស់គេទៅជាស្ងាត់ច្រៀបពីលើគេ
21 ផែនដីក៏ញ័រដោយសូរគេធ្លាក់ចុះ ក៏មានឮសំរែកដែលឮរហូតដល់សមុទ្រក្រហម
22 មើល គេនឹងឡើងមក ទាំងហើរដូចជាឥន្ទ្រី គេនឹងត្រដាងស្លាបលើក្រុងបុសរ៉ា នៅថ្ងៃនោះ ចិត្តនៃមនុស្សខ្លាំងពូកែនៅស្រុកអេដំមនឹងបានដូចជាចិត្តនៃស្រី ដែលរៀបនឹងសំរាលកូន។
23 ពីក្រុងដាម៉ាស។ឯក្រុងហាម៉ាត និងក្រុងអើផាឌ គេត្រូវខ្មាសជ្រប់មុខហើយ ពីព្រោះគេបានឮដំណឹងអាក្រក់ ហើយចិត្តគេរលាយទៅ សេចក្តីទុក្ខព្រួយរបស់គេដូចជាសមុទ្រដែលកំរើកឡើង និងឲ្យស្ងប់វិញមិនបាន