យេរេមា 49:3-9 KHOV

3 ឱ​ហែសបូន​អើយ ចូរ​ទ្រហោ​យំ​ចុះ ដ្បិត​ក្រុង​អៃយ​ត្រូវ​ខូច​បង់​ហើយ ឱ​ពួក​កូន​ស្រី​នៃ​ក្រុង​រ៉ាបាត​អើយ ចូរ​ស្រែក​ឡើង ចូរ​ស្លៀក​សំពត់​ធ្មៃ ហើយ​ទួញ​ទំនួញ​ចុះ ត្រូវ​ឲ្យ​រត់​ទៅ​មក​តាម​របង ដ្បិត​ព្រះ‌ម៉ូឡុក​នឹង​ត្រូវ​ចាប់​យក​ទៅ​ជា​ឈ្លើយ ព្រម​ទាំង​ពួក​សង្ឃ និង​ពួក​ចៅ‌ហ្វាយ​វា​ទាំង​ប៉ុន្មាន​ផង

4 ឱ​កូន​ស្រី​ដែល​រា‌ថយ​អើយ ជា​អ្នក​ដែល​ទុក​ចិត្ត​នឹង​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន ហើយ​ពោល​ថា តើ​អ្នក​ណា​នឹង​មក​ទាស់​នឹង​អញ ហេតុ​អ្វី​បាន​ជា​ឯង​អួត​ពី​ច្រក​ភ្នំ​របស់​ឯង គឺ​ជា​ច្រក​ភ្នំ​ដែល​មាន​ទឹក​ហូរ​នោះ

5 ព្រះ‌អម្ចាស់ ជា​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​ព្រះ‌បន្ទូល​ថា មើល អញ​នឹង​នាំ​សេចក្តី​ស្ញែង​ខ្លាច​មក​លើ​ឯង ពី​គ្រប់​ទាំង​សាសន៍​ដែល​នៅ​ជុំវិញ​ឯង ហើយ​ឯង​រាល់​គ្នា​នឹង​ត្រូវ​បណ្តេញ​ចេញ​ទៅ​ខាង​មុខ​រៀង​ខ្លួន ឥត​មាន​អ្នក​ណា​នឹង​ប្រមូល​ផ្តុំ​ពួក​អ្នក ដែល​រត់​ទៅ​នោះ​ឡើយ

6 ប៉ុន្តែ ជាន់​ក្រោយ​អញ​នឹង​នាំ​ពួក​កូន​ចៅ​អាំម៉ូន ដែល​ជា​ឈ្លើយ​មក​វិញ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។

7 ពី​សាសន៍​អេដំម។ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា តើ​គ្មាន​ប្រាជ្ញា​នៅ​ក្នុង​ក្រុង​ថេម៉ាន​ទៀត​ទេ​ឬ តើ​សេចក្តី​ប្រឹក្សា​បាន​សូន្យ​បាត់​ពី​ពួក​មនុស្ស​ឆ្លៀវ‌ឆ្លាត​ឬ​អី តើ​ប្រាជ្ញា​របស់​គេ​បាន​រលាយ​បាត់​ទៅ​ឬ

8 ឱ​ពួក​អ្នក​ដែល​អាស្រ័យ​នៅ​ស្រុក​ដេដាន់​អើយ ចូរ​រត់​ទៅ ចូរ​បែរ​ខ្នង​ចុះ ត្រូវ​ឲ្យ​ទៅ​ជ្រក​នៅ​រអាង​យ៉ាង​ជ្រៅ​ទៅ ដ្បិត​អញ​នឹង​នាំ​សេចក្តី​អន្តរាយ​របស់​អេសាវ​មក​លើ​គេ គឺ​ជា​វេលា​ដែល​អញ​នឹង​ធ្វើ​ទោស​ដល់​គេ

9 បើ​មាន​ពួក​សំរាប់​បេះ​ផ្លែ​ទំពាំង‌បាយ‌ជូរ​មក​ឯ​ឯង នោះ​តើ​គេ​មិន​ទុក​ផ្លែ​ខ្លះ​ឲ្យ​បេះ​សន្សំ​ជាន់​ក្រោយ​ទេ​ឬ បើ​ចោរ​មក​នៅ​ពេល​យប់ នោះ​តើ​វា​មិន​បំផ្លាញ​ឲ្យ​ល្មម​តែ​ស្កប់​ចិត្ត​ប៉ុណ្ណោះ​ទេ​ឬ​អី