35 ព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់មានព្រះបន្ទូលដូច្នេះ មើល អញនឹងបំបាក់ធ្នូរបស់ពួកអេឡាំ គឺជាដើមកំឡាំងរបស់គេ
36 អញនឹងនាំខ្យល់ទាំង៤ឲ្យមកពីទាំង៤ទិស ធ្លាក់លើស្រុកអេឡាំ ហើយនឹងកំចាត់កំចាយគេទៅគ្រប់ទិសទាំង៤នោះ ឥតមាននគរណាមួយ ដែលពួកបំបរបង់របស់សាសន៍អេឡាំមិនបានទៅដល់នោះឡើយ
37 អញនឹងឲ្យពួកសាសន៍អេឡាំស្រយុតចិត្ត នៅមុខខ្មាំងសត្រូវ ហើយនៅមុខពួកអ្នកដែលរកជីវិតគេ ក៏នឹងនាំសេចក្តីអាក្រក់មកលើគេ គឺជាសេចក្តីកំហឹងដ៏សហ័សរបស់អញផង នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា អញនឹងចាត់ដាវឲ្យដេញតាមក្រោយគេ ទាល់តែបានបំផ្លាញគេអស់រលីងទៅ
38 អញនឹងតាំងបល្ល័ង្កអញ នៅស្រុកអេឡាំ ហើយនឹងបំផ្លាញទាំងស្តេច និងពួកចៅហ្វាយពីស្រុកនោះចេញ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា
39 ប៉ុន្តែដល់ជាន់ក្រោយ នោះអញនឹងនាំពួកអេឡាំ ដែលនៅជាឈ្លើយឲ្យមកវិញ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។