8 ឱពួកអ្នកដែលអាស្រ័យនៅស្រុកដេដាន់អើយ ចូររត់ទៅ ចូរបែរខ្នងចុះ ត្រូវឲ្យទៅជ្រកនៅរអាងយ៉ាងជ្រៅទៅ ដ្បិតអញនឹងនាំសេចក្តីអន្តរាយរបស់អេសាវមកលើគេ គឺជាវេលាដែលអញនឹងធ្វើទោសដល់គេ
9 បើមានពួកសំរាប់បេះផ្លែទំពាំងបាយជូរមកឯឯង នោះតើគេមិនទុកផ្លែខ្លះឲ្យបេះសន្សំជាន់ក្រោយទេឬ បើចោរមកនៅពេលយប់ នោះតើវាមិនបំផ្លាញឲ្យល្មមតែស្កប់ចិត្តប៉ុណ្ណោះទេឬអី
10 ប៉ុន្តែឯអញៗបានធ្វើឲ្យអេសាវអាក្រាតនៅទទេ អញបានបើកកេរខ្មាសគេឲ្យឃើញផង គេនឹងមិនអាចបិទបាំងខ្លួនបានទេ ពូជពង្សគេត្រូវបំផ្លាញហើយ ព្រមទាំងបងប្អូន និងអ្នកជិតខាងគេផង ឯខ្លួនគេក៏មិននៅទៀតដែរ
11 ចូរលះចោលកូនកំព្រារបស់ឯងចុះ អញនឹងចិញ្ចឹមវាឲ្យរស់នៅ ហើយត្រូវឲ្យពួកមេម៉ាយរបស់ឯងទុកចិត្តនឹងអញទៅ
12 ដ្បិតព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា មើល ពួកអ្នកដែលមិនមានទោសជាត្រូវផឹកពីពែង នោះនឹងត្រូវផឹកវិញជាមិនខាន ឯឯងតើជាអ្នកដែលនឹងអាចរួចពីទោសទាំងអស់ឬ ឯងមិនត្រូវនៅជាឥតទោសទេ គឺឯងនឹងត្រូវផឹកពីពែងនេះជាពិតវិញ
13 ដ្បិតព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា អញបានស្បថនឹងខ្លួនអញថា ក្រុងបុសរ៉ានឹងត្រឡប់ជាទីស្រឡាំងកាំង ជាទីត្មះតិះដៀល ជាទីខូចបង់ ហើយជាទីផ្តាសា ឯអស់ទាំងភូមិនៅជុំវិញនឹងទៅជាកន្លែងខូចបង់នៅអស់កល្បតទៅ។
14 ខ្ញុំបានឮដំណឹងមកពីព្រះយេហូវ៉ា ទ្រង់ក៏បានចាត់ទូត១ឲ្យទៅឯសាសន៍ទាំងប៉ុន្មានប្រាប់ថា ចូរមូលគ្នាមកទាស់នឹងគេ ហើយលើកគ្នាទៅច្បាំងចុះ