យេរេមា 5:11-17 KHOV

11 ដ្បិត​ពួក​វង្ស​អ៊ីស្រា‌អែល និង​ពួក​វង្ស​យូដា​បាន​ក្បត់​នឹង​អញ​ជា​ខ្លាំង​ហើយ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។

12 គឺ​គេ​បាន​កុហក​ពី​ព្រះ‌យេហូវ៉ា ដោយ​ពាក្យ​ថា មិន​មែន​ព្រះ​នោះ​ទេ ឯ​សេចក្តី​អាក្រក់​នឹង​មិន​មក​លើ​យើង​រាល់​គ្នា ហើយ​យើង​នឹង​មិន​ត្រូវ​ឃើញ​ដាវ ឬ​គ្រា​អំណត់‌អត់​ឡើយ

13 ពួក​ហោរា​នឹង​ត្រឡប់​ទៅ​ដូច​ជា​ខ្យល់ ព្រះ‌បន្ទូល​មិន​នៅ​ក្នុង​គេ​ទេ សូម​ឲ្យ​គេ​បាន​យ៉ាង​ដូច្នោះ​ចុះ។

14 ដូច្នេះ ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ដោយ​ព្រោះ​ឯង​រាល់​គ្នា​បាន​ពោល​ពាក្យ​យ៉ាង​នេះ នោះ​មើល អញ​នឹង​ធ្វើ​ឲ្យ​ពាក្យ​ដែល​អញ​ដាក់​នៅ​មាត់​ឯង បាន​ដូច​ជា​ភ្លើង​វិញ ហើយ​ឲ្យ​ជន‌ជាតិ​នេះ​បាន​ត្រឡប់​ជា​ឧស ភ្លើង​នោះ​នឹង​ឆេះ​បន្សុស​គេ​អស់​ទៅ

15 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា នែ ពួក​វង្ស​អ៊ីស្រា‌អែល​អើយ មើល អញ​នឹង​នាំ​សាសន៍១​ពី​ឆ្ងាយ​មក​លើ​ឯង​រាល់​គ្នា គឺ​ជា​សាសន៍​១​យ៉ាង​ស្វិត‌ស្វាញ ជា​សាសន៍​ចាស់​បុរាណ​ដែល​ឯង​មិន​ស្គាល់​ភាសា​របស់​គេ​ទេ ក៏​ស្តាប់​ពាក្យ​គេ​មិន​បាន​ដែរ

16 បំពង់​ព្រួញ​គេ ដូច​ជា​ផ្នូរ​ខ្មោច​ចំហ គេ​សុទ្ធ​តែ​ជា​មនុស្ស​ខ្លាំង​ពូកែ

17 គេ​នឹង​ស៊ី​ផល​ចំរូត ហើយ​អាហារ​របស់​ឯង​អស់​ទៅ ជា​អាហារ​ដែល​ទុក​សំរាប់​កូន​ប្រុស​កូន​ស្រី​ឯង ក៏​នឹង​ស៊ី​ហ្វូង​ចៀម ហ្វូង​គោ​របស់​ឯង ហើយ​នឹង​ស៊ី​បំផ្លាញ​ដើម​ទំពាំង‌បាយ‌ជូរ និង​ដើម​ល្វា​របស់​ឯង​ដែរ គេ​នឹង​វាយ​រំលំ​ទី​ក្រុង​មាន​កំផែង ដែល​ជា​ទី​ទុក​ចិត្ត​របស់​ឯង​នោះ ដោយ‌សារ​ដាវ